សិល្បៈ និង កម្សាន្ត

ក្រហើយ ត្រូវមានបន្ទុក រ៉ាប់រងច្រើនទៀត! តារាកំប្លែង ២ដួងនេះ ដាច់លុយពីហោប៉ៅ តែមិនដាច់កម្លាំងចិត្ដ

ត្បិតថាមានវ័យ និងទីផ្សារការងារសិល្បៈខុសគ្នា ប៉ុន្ដែតារាកំប្លែងប្រុសទ២ដួង គឺតាចេក និងនាយតាក់ស៊ី កំពុងរស់ក្នុងជីវភាពខ្វះខាត និងក្រាញននៀលរកស៊ីចិញ្ចឹមជីវិត ដោយបង្អង់ដៃដូចគ្នា។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំង គឺតារាទាំង២ដួង សុទ្ធតែមានអជម្រែកជីវិត ខណៈខ្លួនកំពុងយ៉ាប់យ៉ឺន។

និយាយពីតារាសម្ដែង និងកំប្លែងជើងចាស់ ឈុំ ប៊ុនឈឿន ហៅតាចេក។ លោក កំពុងជួបការលំបាកខាង ជីវភាពខ្លាំងណាស់ដែរ ខណៈវ័យកាន់តែចាស់ ហើយការងារសិល្បៈ ក៏លែងសូវមាន ប៉ុន្ដែលោកនៅតែត្រដររស់ជាមួយ នឹងមុខរបរលក់ដូរបន្ដិចបន្ដួច សម្រាប់ភ្ញៀវទេសចរណ៍ដែលទៅកម្សាន្ដរមណីយដ្ឋានគិរីរម្យ។

ប៉ុន្ដែសព្វថ្ងៃនេះអ្នកដំណើរ និងភ្ញៀវទេសចរណ៍ដែក ជាអតិថិជនរបស់តាចេក ស្រាប់តែលែងឃើញវត្ដមានរបស់លក់ដូង និងភេជ្ជៈទាំងនៅតាមផ្លូវចូលទៅលេងទឹក នៃរមណីយដ្ឋានគិរីរម្យ ខេត្ដកំពង់ស្ពឺ និងនៅម្ដុំរង្វង់មូលគួស្រូវ។ ការ្យបាត់មុខនេះ ត្រូវគេសង្ស័យថា លោកបានផ្លាស់ប្ដូរទីតាំងលក់ដូរ ខណៈទូរស័ព្ទរបស់លោកទាំងពីរ ប្រព័ន្ធមិនអាចទាក់ទងបាននៅថ្ងៃទី២៦ ខែតុលា។

កាលពីខែសីហា ឆ្នាំ២០២១ តាចេក និយាយតាមរយៈព័ត៌មានក្នុងស្រុកមួយថា ចំណូលមិនទៀងពីមុខរបរ លក់ដូររបស់លោក ធ្លាប់ផ្អាកម្ដងហើយដោយសារតែតំបន់ ដែលលោកលក់នោះផ្ទុះជំងឺកូវីដ-១៩។ ការផ្អាកកាលណោះបានធ្វើឲ្យ លោកប៉ះពាល់ជីវភាពកាន់តែខ្លាំង ព្រោះមានអ្នករស់នៅក្នុងបន្ទុកលោកច្រើន។

តាចេក៖”ថ្ងៃមុនរអិលជើង ហើយត្រូវផ្លែដូងធ្លាក់ សង្កត់លើបណ្ដាលឲ្យហើម ថ្លោះ ដើរសឹងតែមិនរួច។ សព្វថ្ងៃមានបន្ទុកត្រូវចិញ្ចឹមហ្នឹងរហូតដល់១១នាក់ ហើយភាគច្រើនសុទ្ធតែជាចៅ”។

យើងងាកមកចាប់អារម្មណ៍ចំពោះតារាកំប្លែងលោក ប៉ុល សារឿង ហៅនាយតាក់ស៊ីវិញម្ដង។ លោក ក៏កំពុងជួបបញ្ហាជីវភាពដែរ ត្បិតថាថ្មីៗកាលលាចាកសិក្ខាបទ លោកធ្លាប់មានឈ្មោះជាថៅកែលក់ដីឡូត៍ និងថៅកែបើកហ្គារាសលក់ឡាន ប៉ុន្ដែជាក់ស្ដែងពេលនេះ គឺលោកបានធ្លាក់ខ្លួនរស់នៅបន្ទប់ជួលតម្លៃ ៦០ដុល្លារប៉ុណ្ណោះ ហើយរកម៉ូតូចាស់១គ្រឿងជិះក៏គ្មាន។

នៅពីក្រោយភាពហ៊ឺហា និងឈ្មោះជាថៅកែលក់ឡាន និងដីឡូត៍ក្នុងរយៈពេលខ្លីកន្លងមកនោះ ត្រូវបាននាយតាក់ស៊ីបកស្រាយថា អ្វីដែលមហាជនបានឃើញកន្លងទៅនោះ គឺគ្រាន់តែរូបភាពសម្ដែងឡើង ពោលគឺកាលណោះលោក គ្រាន់តែឈរឈ្មោះឲ្យហ្គារ៉ាស ឬក្រុមហ៊ុនដីឡូត៍គេប៉ុណ្ណោះ។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយអ្នកសារព័ត៌មានថ្មីៗនេះ នាយតាក់ស៊ី និយាយថា សព្វថ្ងៃលោកជាតារាកំប្លែងឯករាជ្យ គឺមិនជាប់កុងត្រាជាមួយCTN ដូចមុននោះទេ តែដោយការអាណិតពីថ្នាក់ដឹកនាំក្រុមកប្លែង ក៏អនុញ្ញាតឲ្យលោកថត ជាមួយជាញឹកញយដែរ ទើបលោកបានប្រាក់គ្រាប់ដោះស្រាយជីវភាព ជាពិសេសសម្រាប់បង់ថ្លៃបន្ទប់ និងផ្ញើជូនម្ដាយចាស់ កំពុងមានជំងឺ។

នាយតាក់ស៊ី៖”ត្បិតថាបានចេញថតឡើងវិញខ្លះ តែមិនទាន់បានធូរដៃធូរជើងទេ ព្រោះខ្ញុំត្រូវចំណាយសព្វបែបយ៉ាង ហើយណាមួយខ្ញុំមានបន្ទុកត្រូវផ្ញើលុយជូនម្ដាយខ្លះ…គាត់កំពុងមានជំងឺនៅឯស្រុកកំណើត”។

បច្ចុប្បន្នតារាកំប្លែងនាយតាក់ស៊ី កំពុងជួលបន្ទប់ស្នាក់នៅតែម្នាក់ឯង ក្នុងខណ្ឌឬស្សីកែវ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីស្ថានីយទូរទស្សន៍ CTN។ លោកត្អូញថា សព្វថ្ងៃនេះ កុំថាឡើយឡាន សូម្បីម៉ូតូចាស់១គ្រឿងគ្រាន់ជិះចេញថត ក៏គ្មានដែរ។ ពេលគេហៅថតម្ដងៗ កុំបាននាយក្រូចមកដឹក ហើយពេលខ្លះលោកត្រូវជួល កង់បីជិះចេញទៅដោយខ្លួនឯង តែលោកនៅតែតស៊ូក្នុងអាជីបនេះ៕

ប្រភព៖ Sabay

Most Popular

To Top