ភ្នំពេញ៖ អុ្នកនាង កែវ ច័ន្ទសម្ផស្ស ត្រូវបានទស្សនិកជនជាច្រើនស្គាល់យ៉ាងច្បាស់ថា ជាតារាចម្រៀងស្រីសំនៀងផ្អែមស្រទន់មួយរូប ដែលមានប្រជាប្រិយភាពកាលពីប្រមាណជាង ១០ឆ្នាំមុន ហើយមកទល់បច្ចុប្បន្ននេះ នាងក៏នៅតែមានលទ្ធភាពអាចរកប្រាក់ចំណូលច្រើនពីអាជីពជាតារាចម្រៀងបានយ៉ាងច្រើនដែរ ។
ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ កែវ ច័ន្ទសម្ផស្ស បានផ្ដល់បទសម្ភាសន៍ជាមួយប៉ុស្ដិ៍ទូរទស្សន៍ក្នុងស្រុកមួយ ហើយសង្កេតឃើញ ថ្វីដ្បិតតែនាងមានវ័យក្បែរ ៤០ ឆ្នាំ តែរូបសម្រស់នាងនៅតែស្រស់ស្អាត ក្មេងជាងវ័យ ហើយនាងនៅអាចរក្សាបានរូបរាងតូចស្រឡូនស្អាតដូចកាលពីក្រមុំ សូម្បីតែមិត្តសិល្បៈក៏លាន់មាត់សរសើរនាងមិនដាច់ពីមាត់ដែរ ។
នៅក្នុងបទសម្ភាសន៍នោះ ម្ចាស់បទ «តាមបង» បាននិយាយថា នាងបានរៀបការមានស្វាមីជាង ១០ ឆ្នាំ ហើយទទួលបានកូនប្រុស ២ នាក់ជាចំណងដៃ ប៉ុន្តែនៅតែបន្តអាជីពជាតារាចម្រៀងដដែល ។ មិនតែប៉ុណ្ណោះ នៅតែអាចរកចំណូលបានច្រើនទៀតផង ។
ជាការពិតណាស់ អុ្នកនាង កែវ ច័ន្ទសម្ផស្ស បានប្រឡូកក្នុងសិល្បៈចម្រៀងអស់រយៈពេលជិត ២០ឆ្នាំមកហើយ ហើយផលិតកម្មដែលចួយឱ្យនាងមានឈ្មោះ បោះសំឡេងខ្លាំងនោះ គឺផលិតកម្មនាគ មាស ។ ដូច្នេះហើយទើបនាងត្រូវបានថៅកែ ផលិតកម្មនាគមាស មើលឃើញ និងកសាងអនាគតជាមួយគ្នារហូតដល់បច្ចុប្បន្ន ៕ដោយ៖ ម៉ានី








