ភ្នំពេញ៖ ក្រោយរៀបការបានជាងបីឆ្នាំ តារាសម្តែងលោក ជា សំណាង បានទទួលកូនស្រីប្រុសដ៏គួរឱ្យស្រឡាញ់ចំនួនពីរនាក់ ទៅតាមបំណងក្រោយពីលោក បានបញ្ចប់ភាពនៅលីវ នៅក្នុងវ័យ ៤៩ឆ្នាំកាលពីចុងឆ្នាំ ២០១៩ កន្លងទៅ ។

ដោយសារតែលោក ជា សំណាង មានវ័យច្រើន និងចូលចិត្តជីវិតឯកជនបែបស្ងប់ស្ងាត់ដូច្នេះ គេកម្រឃើញលោកបង្ហាញរូបភាពផ្អែមល្ហែម ជាចំហនៅតាមបណ្តាញសង្គមហ្វេសប៊ុក ដល់អ្នកគាំទ្រឡើយ ខ្លាំងណាស់ សូម្បីតែមុខភរិយារបស់លោក ក៏ពុំសូវមានទស្សនិកជន បានឃើញច្បាស់ដែរ។
បើទោះបីជា ពុំសូវបានបង្ហាញសកម្មភាពផ្អែមល្ហែម ល្អូកល្អិនដូចគូស្នេហ៍តារាដទៃក្ដី ក៏គេដឹងថាសព្វថ្ងៃតារាជើងចាស់ខាងលើ កំពុងរស់នៅយ៉ាងមានក្តីសុខ ជាមួយកូនប្រុសស្រីដ៏គួរឱ្យស្រឡាញ់ ចំនួនពីរនាក់ ហើយជារឿយៗភរិយារបស់លោក ដែលត្រូវបានគេស្គាល់ថា ជាតារាស្រីដែលមានឈ្មោះថា ទេព ពិសិដ្ឋរាសី នោះតែងសរសើរពីភាពល្អរបស់លោក ក្នុងនាមជាស្វាមីម្នាក់ នៅតាមបណ្តាញសង្គម ដែលធ្វើឱ្យនារីៗជាច្រើន សរសើរពីសំណាង របស់អ្នកនាងដែលមានស្វាមីល្អបែបនេះ ។

មកដល់ពេលនេះលោក ជា សំណាង មានវ័យជាង ៥០ឆ្នាំទៅហើយក្តី តែរូបរាងនិងមុខមាត់របស់លោក នៅតែស្រស់សង្ហារហូតមានការចំអន់ ពីសំណាក់មិត្តភក្តិថា ក្រោយរៀបការជាមួយភរិយា ដែលមានវ័យក្មេង លោកកាន់តែក្មេងជាងមុនដែរ ។

គួរឱ្យដឹងផងដែរថា លោក ជា សំណាង និងភរិយាគឺសតារាម៉ូដែល ទេព ពិសិដ្ឋរាសី ហៅ ម៉ូម៉ូ បានរៀបមង្គលការ កាលពី ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៩ នេះ ដោយពិធីមង្គលរបស់អ្នកទាំងពីរ ធ្វើឡើងនៅស្រុកឈូក ខេត្តកំពត ៕ ដោយ៖ ម៉ានី



