សិល្បៈ និង កម្សាន្ត

ទើបភ្ជាប់ពាក្យរួច អេដា ទម្លាយអារម្មណ៍ បែបនេះប្រាប់មហាជន

តារាចម្រៀង Original Song អេដា បានធ្វើឱ្យមហាជនជាពិសេសមិត្តនារីៗចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីទើបតែភ្ជាប់ពាក្យជាមួយគូស្នេហ៍ដែលជាជនបរទេស បែរជាទម្លាយសារនៅលើបណ្តាញសង្គម។

ម្ចាស់បទ «ពីរនាក់បានហើយ» រូបនេះបាននិយាយថា «ពេលវេលា នៃការស្រលាញ់គ្នាយូរប៉ុណ្ណា ក៏លែងសំខាន់ដែរ បើសិនជាគ្មានការពិភាក្សាគ្នាអំពី រឿងអនាគត.. ដូចចំរៀងមួយឃ្លាដែលខ្ញុំបានសរសេរ
“ ដែលសួរខ្ញុំខ្លះទេ ក្តីប្រាថ្នាខ្ញុំជាអ្វី ? កើតជាមនុស្សស្រី តំលៃខ្ញុំសំខាន់ “។ តារាចម្រៀងរូបនេះក៏បានបន្ថែមទៀតថា «ផ្ញេីជូនមនុស្សស្រីជាទីស្រលាញ់ទាំងឡាយ ត្រូវហ៊ានដេីរចេញពីទំនាក់ទំនងណាដែលគ្មាន ភាពច្បាស់លាស់ និងមិនទទួលបានការផ្តល់តំលៃ ព្រោះយើងគ្មានពេលវេលាយូរទេ យើងមិននៅក្មេង ស្អាតរហូតទេ កុំផ្ញើជីវិតរបស់យើងនៅនឹងគេ..»។
ក្រោយពីទម្លាយសារដ៏មានអត្ថន័យ សម្រាប់គូស្នេហ៍ដូចនេះហើយ មានអ្នកគាំទ្រជាច្រើនបានសម្តែងការយល់ស្របនឹងគំនិតរបស់តារាចម្រៀងខាងលើនេះផង ដែរ។

គូដណ្ដឹងរបស់ស្រីស្អាត អេដា ត្រូវបានគេស្គាល់ឈ្មោះថា តាន់ អេលែន ជាអ្នកជំនួញ ខ្មែរ-អាមេរិចកាំង មួយរូប ដែលមានមុខមាត់ធំនៅក្នុងប្រទេសកម្ពុជា ។ ហើយជាញឹកញាប់គេឃើញបុរសម្នាក់នេះ និង អេដា បណ្ដើរគ្នាត្រសងចូលរួមកម្មពិធី ក៏ដូចជាថតរូបយ៉ាងផ្អែមល្ហែមជាមួយគ្នាទាំងនៅក្នុង និងក្រៅប្រទេសទៀតផង ។ យ៉ាងណាមិញ ម្ចាស់បទ «នៅទីនេះកំពុងមានមនុស្សខូចចិត្ត» នៅពុំទាន់បានបញ្ជាក់ថា នឹងសម្រេចចិត្តរៀបការនៅពេលណាឡើយ ។

សូមបញ្ជាក់ផងដែរថា អេដា និងគូស្នេហ៍សម្រេចចិត្តភ្ជាប់នឹងគ្នាកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ក្រោយស្វែងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំ ដោយមានការចូលរួមពីមិត្តក្នុងអាជីពសិល្បៈនិងតារាល្បីៗជាច្រើនរូប៕ ដោយ៖ ម៉ានី

Most Popular

To Top