សិល្បៈ និង កម្សាន្ត

គ្រាន់តែលោក ព្រាប សុវត្ថិ ឡើងជាឧកញ៉ា ស្រាប់តែនាយ ពាក់មី ព្រលយពាក្យមួយឃ្លា ទទួល ការចាប់អារម្មណ៍ខ្លាំង

ភ្នំពេញ ៖ បន្ទាប់ពីបានឃើញលោកខេមរ: សិរីមន្ត និងលោកព្រាប សុវត្ថិ តារាចម្រៀងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា ឡើងឧកញ៉ា តារាកំប្លែងល្បី លោកចែម ចាន់រ៉ា ហៅពាក់មី បានលើកឡើងថា លោកគ្មានសមត្ថភាពទេ ហើយក៏មិនចង់ឡើងឧកញ៉ាអីដែរ ខ្លាចបងប្អូនលែងជួលកាត់សក់ ច្រៀងកំដរភ្ញៀវពិធីករ ។

លោកចែម ចាន់រ៉ា ហៅពាក់មី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ថា “គេសួរខ្ញុំថា ពាក់មី កាលណាឡើងឧកញ៉ា ?   ខ្ញុំថា ខ្ញុំគ្មានសមត្ថភាពទេ ឡើងឧកញ៉ា ខ្លាចបងប្អូនលែងជួលកាត់សក់ ច្រៀងកំដរភ្ញៀវ ពិធីករ បងប្អូនចង់ជួល ខលមកបាន 015300007 “ ។

នៅក្នុងសំណេររបស់នាយ ពាក់មី នេះផងដែរ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងរហូតដល់លោកស្រីហ៊ុន ស៊ីណាត ក៏បានចូលបញ្ចេញមតិ (comment) ថា “បើលោកប្អូនឡើងឧកញ៉ា កុំភ្លេចដើរមើលឃើញខ្ញុំផង តិចលែងស្គាល់បាត់? មានខ្លះមិនទាន់ឡើងឧកញ៉ា ចរិតផ្សេង ដល់បានឡើងឧកញ៉ា ស្រាប់តែកើតបូសក្លៀកភ្លែត“ ។

តារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ា តាមព្រះរាជក្រឹត្យ លេខ នស/រកត/០៤២២/៤៤៣ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ។

ក្រៅពីនេះ លោកហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ាផងដែរ តាមព្រះរាជក្រឹត្យ លេខ នស/រកត/០៤២២/៤៤៤ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ។            

សូមបញ្ជាក់ថា កន្លងទៅនេះ មានអ្នកសិល្ប:ជាច្រើនរូបមកហើយ ដែលទទួលបានគោរមងារជាឧកញ៉ា ក្នុងនោះ ក្រៅពីតារាចម្រៀងល្បីខាងលើ ក៏មានអតីតតារាមួយចំនួនទៀត ដូចជា តារាចម្រៀង ខេមរៈ​ សិរីមន្ត អតីតារាកំប្លែង លោកទុំ សារុត ហៅនាយឃ្លោក អតីតតារាចម្រៀងនិងពិធីករ លោកលាន អាព្រីលគីនីន ជាដើម ហើយសូម្បីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេង ណាវ៉ាត្រា និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ក៏ជាអតីតអ្នកចម្រៀងមួយរូបផងដែរ៕ដោយ៖ ម៉ានី

Most Popular

To Top