សិល្បៈ និង កម្សាន្ត

កូនប្រុស របស់តារាបូលីវូដ Shah Rukh Khan ត្រូវជម្រះក្តី ពីការចោទប្រកាន់​គ្រឿងញៀន

ឥណ្ឌា៖ ទីភ្នាក់ងារប្រឆាំងគ្រឿងញៀន របស់ប្រទេសឥណ្ឌា បាននិយាយថា កូនប្រុសរបស់តារាបូលីវូដ Shah Rukh Khan ត្រូវបានជម្រះក្នុងសំណុំរឿងគ្រឿងញៀន ពាក់ព័ន្ធនឹងពិធីជប់លៀង នៅលើកប៉ាល់ទេសចរណ៍ប្រណីត ដោយគ្មានភស្តុតាងបង្ហាញថា លោកមានថ្នាំញៀន ហាមឃាត់ ឬជាប់ពាក់ព័ន្ធការជួញដូរ។

លោក Aryan Khan អាយុ ២៤ ឆ្នាំ ជាតារាសម្តែង និងជាអ្នកដឹកនាំរឿង ដែលប្រាថ្នាចង់បាននោះ ត្រូវបានចាប់ខ្លួនកាលពីខែតុលា អំឡុងពេលការវាយឆ្មក់ នៅលើកប៉ាល់ទេសចរណ៍ ពីទីក្រុងបុមបៃរដ្ឋធានីហិរញ្ញវត្ថុ និងកម្សាន្តរបស់ប្រទេសឥណ្ឌា។ លោកត្រូវបានដោះលែង ឲ្យនៅក្រៅឃុំបន្ទាប់ពីបីសប្តាហ៍។

ការិយាល័យគ្រប់គ្រងគ្រឿងញៀន របស់ប្រទេសឥណ្ឌា បាននិយាយលើសេចក្តីថ្លែងការណ៍មួយថា ភស្តុតាងពីការស៊ើបអង្កេត រយៈពេល៨ខែ មិនពាក់ព័ន្ធនឹងលោក Khan ទេ ទោះជាយ៉ាងណា ខ្លួនបានដាក់ការចោទប្រកាន់ លើមនុស្ស ១៤ នាក់ផ្សេងទៀត។

បន្ទាប់ពីការវាយឆ្មក់នៅលើកប៉ាល់នោះ ភ្នាក់ងារគ្រឿងញៀនបាននិយាយថា ខ្លួនមានភស្តុតាងជាទម្រង់សារ WhatsApp បង្ហាញថា Khan មានជាប់ពាក់ព័ន្ធ ក្នុងការជួញដូរគ្រឿងញៀនខុសច្បាប់។ លោក Mukul Rohatgi មេធាវីរបស់លោក Khan បានប្រាប់អ្នកសារព័ត៌មានថា ការចាប់ខ្លួននេះគឺបំពាន ហើយទីភ្នាក់ងារនេះ មិនបានធ្វើការត្រួតពិនិត្យសុខភាព ដើម្បីបង្ហាញថា កូនក្តីរបស់លោកបានប្រើប្រាស់ គ្រឿងញៀននោះទេ។

ករណីនេះត្រូវបានគ្របដណ្តប់យ៉ាងទូលំទូលាយ នៅប្រទេសឥណ្ឌា ដោយអ្នកគាំទ្ររបស់លោក Aryan Khan បានទទូចលើភាព គ្មានកំហុសរបស់លោក ខណៈអ្នកផ្សេងទៀតបានអំពាវនាវ ឲ្យធ្វើពហិការភាពយន្ត របស់ឪពុកលោក។ លោក Shah Rukh Khan អាយុ ៥៦ ឆ្នាំត្រូវបានគេស្គាល់ថា ជាស្តេចនៃបូលីវូដ និងជាតារាសម្តែងឆ្នើមបំផុត របស់ប្រទេសឥណ្ឌា។ លោកបានសម្តែងខ្សែភាពយន្តជាង ១០៥ក្នុងរយៈពេលជិត ៣ ទសវត្សរ៍៕ ដោយ៖លី ភីលីព

Most Popular

To Top