ភ្នំពេញ ៖ រឿងរ៉ាវរកាំរកូស ក្នុងកម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ នៅមិនទាន់ថមថយកម្តៅ នៅឡើយទេនៅលើបណ្តាញសង្គម អស់ពីរឿងមួយចូលរឿង តាំងពីគណៈកម្មការ ឆន សុវណ្ណរាជ និង ទុំ សុវត្ថិ រហូតដល់បេក្ខជន ថុល សុភិទិ ។ មិនត្រឹមតែប៉ុណ្ណោះ សប្តាហ៍ទី២ និងសប្តាហ៍ទី៣ នៃវគ្គ Live Show បេក្ខជន សុភិទិ ត្រូវមហាជនតាមដានមិនដាក់ភ្នែក រិះគន់ទង្វើមួយចំនួន ជាពិសេសបានព្រងើយកន្តើយដាក់ ឈិន រ័ត្ន កាន់តែធ្វើឱ្យ បេក្ខជនរូបនេះ រងសន្ធឹកការរិះគន់យ៉ាងដំណំ។

យ៉ាងណាមិញ ទន្ទឹមនឹងផ្លែដាវមុតស្រួច ពីមហាជនទៅលើ សុភិទិ អ្នកនិពន្ធមួយរូប គឺ Emo composer បានចេញវីដេអូ ជាង៣នាទី ដែលបានឆ្លើយឆ្លង ដោយផ្ទាល់នៅលើតេលេក្រាម ជាមួយ ឈិន រ័ត្ន ដើម្បីបើកវាំងននខ្មៅ ថាតើ បេក្ខជន ថុល សុភិទិ និង ឈិន រ័ត្ន មានបញ្ហាជាមួយគ្នា ឬយ៉ាងណាក្រោយពីប៉ះទង្គិចគ្នានៅលើឆាកប្រកួតប្រជែង។

តាមរយៈខ្លឹមសារវីដេអូនោះ ឈិន រ័ត្ន បាននិយាយថា ខ្លួននិង សុភិទិ មិនមានបញ្ហាអ្វីនឹងគ្នាទេ គឺស្រលាញ់រាប់អានគ្នាធម្មតា បើសិនជាចង់ឱ្យមានការឡាយ បកស្រាយនោះលោកពេញចិត្ត បកស្រាយជានិច្ច។ រីឯសកម្មភាពលើឆាកដែល សុភិទិ មិនបានឱបខ្លួន ដែលខ្លួនបានរាដៃបម្រុង ឱបនោះ ឈិន រ័ត្ន មិនបានខឹងឡើង ដោយសារតែពេលនោះជាសកម្មភាពលឿនៗ ណាមួយអ្នកទាំងពីរ តែងតែនិយាយគ្នាលេងធម្មតា មិនមានការរើសអើងអ្វីឡើយ។ ចំណែកឯសកម្មភាពនៃផេកមួយចំនួនដែលបានបង្កើតដាក់ឈ្មោះលោក ទៅវាយប្រហារ សុភិថិ លោកមិនបានដឹងរឿងនោះទេ។

ឈិន រ័ត្ន បានបន្តទៀតថា លោកមិនចង់ឱ្យខ្លួនក្លាយជាមេបញ្ហានាំឱ្យ សុភិទិ បាត់បង់ប្រជាប្រិយភាព ដោយសារលោកឡើយព្រោះ សុភិទិ កំពុងមានឈ្មោះល្បី នឹងកំពុងបន្តដំណើរឆ្ពោះទៅមុខក្នុងកម្មវិធី Cambodian Idol ចំណែកឯខ្លួនគ្មាន ឱកាសបន្តឡើយ ដូច្នេះហើយមិនចង់ឱ្យអ្នកអាចបន្តមានបញ្ហា ដោយសារលោកទេ៕
ដោយ៖ ម៉ានី
