ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង មើលឃើញការឈ្នះ របស់លោក បៃដិន ថាជាព័ត៌មានល្អ សម្រាប់ជម្លោះ បែងចែកការចេញ ចំណាយលើយោធា

បរទេស ៖ ជាមួយជ័យជំនះ ដែលគេរំពឹងទុក របស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតជ្រើស ប្រធានាធិបតីសហរដ្ឋអាមេរិកនោះ មន្ត្រីកូរ៉េខាងត្បូង កំពុងតែរំពឹងថា ជាការឈ្នះមួយរបស់ខ្លួន នៅក្នុងជម្លោះជាប់គាំង រាប់ពាន់លានដុល្លារ ជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញថ្លៃចំណាយ របស់កងទ័ពអាមេរិក រាប់ពាន់នាក់ នៅលើឧបទ្វីបកូរ៉េ ។

មន្ត្រីនិងអ្នកជំនាញក្នុងទីក្រុងសេអ៊ូល តាមសេចក្តីរាយការណ៍ មិនបានរំពឹងថា លោក បៃដិន នឹងទម្លាក់ចោលទាំងស្រុង នូវការទាមទារឲ្យ កូរ៉េខាងត្បូង ចេញថ្លៃចំណាយបន្ថែម ចំពោះការរក្សាកងទ័ពអាមេរិក ២៨.៥០០នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាមត៌កសល់ ពីសង្គ្រាមកូរ៉េរវាង ឆ្នាំ១៩៥០និង១៩៥៣នោះទេ ។

ប៉ុន្តែលោក ចូ បៃដិន ធ្លាប់បានសន្យាថា នឹងមិនប្រើប្រាស់វត្តមានកងទ័ព ដើម្បីកំហែងប្រទេសកូរ៉េខាងត្បូង ហើយប្រភពរដ្ឋាភិបាលកូរ៉េខាងត្បូង និយាយថា ពួកគេធ្វើការប៉ាន់ស្មានថា រដ្ឋបាលរបស់លោក នឹងយល់ព្រម ចំពោះកិច្ចព្រមព្រៀងមួយ ដែលកៀកកិតទៅនឹងសំណើ របស់ទីក្រុងសេអ៊ូល ដែលសុំចេញបន្ថែម១៣ភាគរយ ឬក៏មានចំនួនទឹកប្រាក់ ប្រមាណ១ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top