ហួលាន៖ អាជ្ញាធរបានឲ្យដឹងថា រថភ្លើងលឿនបានរអិលធ្លាក់ផ្លូវ នៅក្នុងផ្លូវរូងក្នុងតំបន់ Hualien ក្នុងភាគខាងកើតកោះតៃវ៉ាន់ កាលពីថ្ងៃសុក្រ បណ្តាលឱ្យមនុស្ស ៥០ នាក់ស្លាប់ និង ១៤៦ នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
អាជ្ញាធរបានឲ្យដឹងថា បុរសជនជាតិបារាំងម្នាក់ គឺស្ថិតក្នុងចំណោមអ្នក ដែលបានស្លាប់ និងជនជាតិជប៉ុន ២ នាក់ត្រូវបានរាប់បញ្ចូល ក្នុងចំណោមអ្នករងរបួសនៅក្នុងការធ្លាក់ផ្លូវរថភ្លើងដ៏អាក្រក់បំផុតរបស់កោះតៃវ៉ាន់ ក្នុងពេលជាច្រើនទសវត្សរ៍មកនេះ។
រដ្ឋបាលផ្លូវដែកតៃវ៉ាន់ បានស្នើនៅក្នុងរបាយការណ៍បឋមរបស់ខ្លួនថា គ្រោះថ្នាក់នេះអាចបណ្តាលមកពីកំហុសរបស់អ្នកបើករថភ្លើង។ ប្តភពបានឲ្យដឹងថា អ្នកបើកបរយានយន្តសំណង់បានចតនៅលើ ជម្រាលជិតនឹងការបើកផ្លូវរូងក្រោមដី ហើយប្រហែលជាត្រូវបានគេភ្លេចដាក់ហ្វ្រាំងសុវត្ថិភាព បណ្តាលឱ្យរថយន្តដឹកទំនិញមួយគ្រឿងទៀត ជ្រុលទៅបុករថភ្លើងនៅពេលដែលកំពុងឆ្លងកាត់។
អាជ្ញាធរផ្លូវដែកបានឲ្យដឹងថា រថភ្លើងកំពុងធ្វើដំណើរពីទីក្រុងស៊ូលីន ដែលជាទីក្រុងខាងក្នុងមួយនៅភាគនិរតីនៃទីក្រុងញូវតៃប៉ិ ឆ្ពោះទៅតីតុងនៅឆ្នេរសមុទ្រភាគអាគ្នេយ៍កោះតៃវ៉ាន់។
ប្រធានាធិបតី Tsai Ing-wen ដែលគ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុង Hualien នៅថ្ងៃសៅរ៍នេះ បានណែនាំទីភ្នាក់ងាររដ្ឋាភិបាល ដែលពាក់ព័ន្ធឱ្យអស់ពីសមត្ថភាពក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងបានប្តេជ្ញាការស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ ចំពោះបុព្វហេតុនៃគ្រោះថ្នាក់នេះ៕
ដោយ ឈូក បូរ៉ា


