ព័ត៌មានអន្តរជាតិ

ភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់៖ លោក ហ្ស៊ី ជិនពីង ថ្លែងថា “ការបង្រួបបង្រួមជាតិ” ត្រូវតែធ្វើដោយសន្តិវិធី

ប៉េកាំង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ថា លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន បានថ្លែងថា “ការបង្រួបបង្រួមជាតិ” ជាមួយកោះតៃវ៉ាន់ “ត្រូវតែបំពេញ” ខណៈដែលភាពតានតឹង កើនឡើងនៅលើកោះ នេះនៅតែបន្តកើតមានឡើង ។

លោក ហ្ស៊ី បានថ្លែងថា ការបង្រួបបង្រួម គួរតែសម្រេចបានដោយសន្តិវិធី ប៉ុន្តែបានព្រមានថា ប្រជាជនចិន មាន “ប្រពៃណីរុងរឿង” នៃការប្រឆាំងរបបផ្តាច់ខ្លួន ។

ជាការឆ្លើយតប កោះតៃវ៉ាន់ បានលើកឡើងថា អនាគតរបស់ខ្លួន ស្ថិតនៅក្នុងដៃរបស់ប្រជាជនខ្លួនតែប៉ុណ្ណោះ ។

កោះតៃវ៉ាន់ បានចាត់ទុកខ្លួនថា ជារដ្ឋអធិបតេយ្យ ខណៈចិន ចាត់ទុកកោះនេះថា ជាខេត្តដែលបែកបាក់ ។

ក្រុងប៉េកាំង មិនបានច្រានចោល ការប្រើប្រាស់កម្លាំង ដែលអាចធ្វើបានដើម្បីសម្រេចបាននូវ ការបង្រួបបង្រួមជាតិនៅឡើយទេ ។

គួរបញ្ជាក់ថា ការអន្តរាគមន៍របស់លោក ហ្ស៊ី បានកើតឡើង បន្ទាប់ពីប្រទេស ចិន បានបញ្ជូនយន្តហោះយោធា ជាច្រើនគ្រឿងចូលទៅក្នុងតំបន់ ការពារដែន អាកាសរបស់កោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ អ្នកវិភាគខ្លះបានលើកឡើងថា ការហោះហើរអាចត្រូវបានគេមើលឃើញថា ជាការព្រមានដល់ប្រធានាធិបតីកោះតៃវ៉ាន់ នៅមុនថ្ងៃបុណ្យជាតិ នៅថ្ងៃអាទិត្យខាងមុខនេះ ។

រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ បានបញ្ជាក់ថា ភាពតានតឹងជាមួយចិន គឺអាក្រក់បំផុត ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top