ព័ត៌មានអន្តរជាតិ

សង្គ្រាមនៅអ៊ុយក្រែន ៖ រុស្ស៊ីនឹងបញ្ឈប់ កិច្ចសហប្រតិបត្តិការ លើស្ថានីយអវកាសអន្តរជាតិ ជុំវិញការដាក់ទណ្ឌកម្មខុសច្បាប់

រុស្ស៊ី ៖ ដោយចាត់ទុកស្ថានភាពនេះថា មិនអាចទទួលយកបាន លោក Dmitry Rogozin ប្រធានទីភ្នាក់ងារ អវកាស Roscosmos របស់ប្រទេសនេះ បាននិយាយថា វានឹងលែងដំណើរការ ជាមួយដៃគូនានា រួមទាំង អង្គការ អវកាសណាសា “NASA” និងទីភ្នាក់ងារអវកាសអឺរ៉ុប នៅលើស្ថានីយគន្លងគោចរ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

កិច្ចសហប្រតិបត្តិការ លើស្ថានីយអវកាសអន្តរជាតិ (ISS) នឹងត្រូវបញ្ឈប់ដោយរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម លើការឈ្លានពានអ៊ុយក្រែន។ ដោយលើកឡើងថា ទណ្ឌកម្មត្រូវបានរៀបចំឡើងដើម្បី សម្លាប់សេដ្ឋកិច្ចរុស្ស៊ី ធ្វើឲ្យប្រជាជន របស់យើងធ្លាក់ក្នុងភាពអស់សង្ឃឹម និងស្រេកឃ្លាន ហើយនាំប្រទេស របស់យើង ឲ្យលុតជង្គង់ លោកបានបន្តថា ទំនាក់ទំនងធម្មតាអាចត្រូវបាន ស្តារឡើងវិញបាន លុះត្រាតែការដកវិធានការ ខុសច្បាប់ដោយគ្មានលក្ខខណ្ឌ ។

ខណៈដែលគម្រោងរួមគ្នាផ្សេងទៀត ដូចជាការបាញ់បង្ហោះត្រូវបានលុបចោល បន្ទាប់ពីមានការវាយ លុកដោយយោធាដោយ រុស្ស៊ីលើអ៊ុយក្រែន កិច្ចសហការរវាងទីភ្នាក់ងារអវកាស នៅលើមន្ទីរពិសោធន៍អន្តរជាតិ ភាគច្រើនមិនរងផលប៉ះពាល់ ដោយសង្រ្គាមបន្ត នៅលើផែនដី។
ត្រឹមតែសប្តាហ៍មុន ប៉ុណ្ណោះ ក្នុងការវិលត្រឡប់មកវិញ អវកាសយានិកអាមេរិក លោក Mark Vande Hei បានចុះចតដោយសុវត្ថិភាព ក្នុងយានអវកាស ដូចគ្នា ជាមួយអវកាសយានិករុស្ស៊ី២នាក់ ចំពេលមានភាពតានតឹងកាន់តែខ្លាំង ឡើងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ជុំវិញជម្លោះ៕ដោយ៖លី ភីលីព

Most Popular

To Top