ព័ត៌មានអន្តរជាតិ

លោក Biden៖ អាមេរិក នឹងមិនបញ្ជូនរ៉ូក្កែត ចំងាយឆ្ងាយឲ្យទៅអ៊ុយក្រែនឡើយ

បរទេស៖ កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ គេជឿជាក់ថាមានការចេញផ្សាយ ព័ត៌មានព្រោងព្រាតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន នឹងធ្វើការផ្គត់ផ្គង់អាវុធប្រភេទគ្រាប់រ៉ូក្កែត បាញ់រយៈចំងាយឆ្ងាយ ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីយកទៅប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងប្រទេសរុស្សី។

ប៉ុន្តែកាលពីថ្ងៃចន្ទម្សិលមិញនេះ យោងតាមការចេញផ្សាយដោយ rt.com បានឲ្យដឹងថាសហរដ្ឋអាមេរិក នឹងមិនបញ្ចូនអាវុធចំងាយឆ្ងាយទាំងនេះ ទៅកាន់ប្រទេសអ៊ុយក្រែនឡើយ ដែលនេះគឺជាការពន្យល់ និងបញ្ជាក់ច្បាស់ ដោយប្រធានាធិបតីអាមេរិក លោក Joe Biden ។

លោកប្រធានាធិបតីបានសង្កត់ធ្ងន់ ទៅលើអាវុធដែលអាចបាញ់ចូលជ្រៅ ដល់ទឹកដីរុស្សីនេះថា៖ ពួកយើងនឹងមិនធ្វើការផ្តល់ឲ្យអ៊ុយក្រែន នូវប្រព័ន្ធបាញ់រ៉ូក្កែតមួយនេះឡើយ ពីព្រោះថាវាពិតជាអាចបាញ់ចូលជ្រៅ ទៅក្នុងប្រទេសរុស្សីបានយ៉ាងងាយ។

រំលឹកដែរថា​ កាលពីសប្តាហ៍មុន សារព័ត៌មានរបស់អាមេរិកជាច្រើន​ បានរាយការណ៍ថាសេតវិមាន កំពុងធ្វើការពិចារណា ដើម្បីបញ្ជូនអាវុធរ៉ូក្កែត ប្រភេទ M270 MLRS និង M142HIMARS ទៅកាន់ប្រទេសអ៊ុយក្រែន ដែលអាវុធនេះអាចបាញ់បាន ដល់ទៅចំងាយ៥០០គីឡូម៉ែត្រ៕​ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top