ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិចិន-ជប៉ុន នឹងជួបពិភាក្សាគ្នា ចំពេលមានសកម្មភាពពីកងទ័ពជើងទឹកចិន ក្បែរប្រជុំកោះសេនកាគូ


តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi នឹងជួបជាមួយសមភាគីចិនលោក Wei Fenghe នៅថ្ងៃអាទិត្យនៅខាងក្រៅវេទិកាសន្តិសុខក្នុងប្រទេសសិង្ហបុរី ដើម្បីដោះស្រាយក្តីកង្វល់ជុំវិញទីក្រុងប៉េកាំង ដែលបានបញ្ជូនកប៉ាល់ម្តងហើយម្តងទៀតនៅជុំវិញប្រជុំកោះ សេនកាគូ ក្នុងសមុទ្រចិនខាងកើត។

ប្រភពបានឲ្យដឹងថាលោក Kishi ក៏អាចលើកឡើងពីសកម្មភាពដែនសមុទ្រផ្សេងទៀតដោយប្រទេសចិន នៅក្នុងដែនទឹកជុំវិញប្រទេសជប៉ុន ក៏ដូចជាភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់នៅក្នុងកិច្ចប្រជុំផ្ទាល់លើកដំបូងរវាងប្រមុខការពារជាតិជប៉ុន និងចិនចាប់តាំងពីឆ្នាំ២០១៩ មក។

អ្នកទាំងពីរ នឹងស្ថិតក្នុងប្រទេសសិង្ហបុរី សម្រាប់កិច្ចសន្ទនាសន្តិសុខប្រចាំឆ្នាំ Shangri-La ដែលគ្រោងនឹងចាប់ ផ្តើមនៅថ្ងៃសុក្រផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ក្តីបារម្ភបានកើនឡើងនៅក្នុងប្រទេសជប៉ុន នៅពេលដែលប្រទេសចិន បន្តបញ្ជូនកប៉ាល់ទៅកាន់ដែនទឹកជុំវិញតំបន់ប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយជប៉ុន ដែលទីក្រុងប៉េកាំងទាមទារ និងហៅថាកោះ Diaoyu ជាមួយនឹងបញ្ជូនកប៉ាល់មួយចំនួនចូលទៅក្នុងដែនទឹករបស់ជប៉ុន។

មន្ត្រីក្រសួងការពារជាតិជប៉ុនម្នាក់កាលពីខែមុនបានសម្តែងការព្រួយបារម្ភ ចំពោះយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ដែលប្រទះឃើញហោះចេញពី និងចុះចតនៅលើនាវាផ្ទុកយន្តហោះចិន Liaoning នៅជិតខេត្តភាគខាងត្បូងនៃកោះ Okinawa ដែលនៅជិតកោះតៃវ៉ាន់។

ប្រទេសចិន និងតៃវ៉ាន់ ត្រូវបានគ្រប់គ្រងដោយឡែកពីគ្នា ចាប់តាំងពីពួកគេបានបែកបាក់គ្នាដោយសារតែ សង្គ្រាម ស៊ីវិលក្នុងឆ្នាំ១៩៤៩ ហើយទីក្រុងប៉េកាំង បានចាត់ទុកកោះដែលគ្រប់គ្រងដោយខ្លួនឯងថា ជាខេត្តដែលបង្រួបបង្រួមឡើងវិញជាមួយដីគោកដោយបង្ខំប្រសិនបើចាំបាច់។

ទំនងផងដែរនៅលើរបៀបវារៈ សម្រាប់ការពិភាក្សានឹងមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការសាកល្បងមីស៊ីលម្តងហើយម្តងទៀតដោយកូរ៉េខាងជើង ក៏ដូចជាស្ថានភាពនៃខ្សែទូរស័ព្ទបន្ទាន់ ដែលជប៉ុន និងចិន បានព្រមព្រៀងគ្នាបង្កើតកាលពីឆ្នាំមុន៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top