បរទេស៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានបង្ហាញឱ្យដឹងថា ចក្រភពអង់គ្លេសនឹងបង្កើនការចំណាយយោធារបស់ខ្លួនឱ្យបានច្រើនក្នុងប៉ុន្មានឆ្នាំខាងមុខនេះ បើទោះបីជាប្រទេសនេះកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីវិធានការ Covid-19 និងការដាក់ទណ្ឌកម្មរបស់ទីក្រុងឡុងដ៍មកលើទីក្រុងមូស្គូក៏ដោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sunday Telegraph ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Wallace បាននិយាយថា រដ្ឋាភិបាលអង់គ្លេសនឹងចំណាយយ៉ាងហោចណាស់ ៥២ពាន់លានផោន (៥៦,៥ ពាន់លានដុល្លារ) ដើម្បីពង្រឹងវិស័យយោធា ដែលពិតជានឹងកើនឡើង។ ផែនការនេះគឺស្របតាមយុទ្ធនាការរបស់នាយករដ្ឋមន្ត្រីលោកស្រី Liz Truss ដែលបានសន្យាថា នឹងជំរុញការចំណាយលើវិស័យការពារជាតិ។
យោងតាមមន្ត្រីរូបនេះ ថវិកាការពារជាតិប្រចាំឆ្នាំរបស់ចក្រភពអង់គ្លេសនឹងមានចំនួន ១០០ ពាន់លានផោននៅឆ្នាំ ២០៣០។
លោក Wallace រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលកាន់តំណែងបន្ទាប់ពីលោកស្រី Liz Truss បានយកឈ្នះលើលោក Sunak ក្នុងការប្រជែងតំណែងជានាយករដ្ឋមន្ត្រីកាលពីដើមខែកញ្ញា បានប្រាប់អ្នកសារព័ត៌មានថា ឆន្ទៈរបស់មេដឹកនាំថ្មីក្នុងការចំណាយបន្ថែមលើវិស័យយោធា គឺជាកត្តាសំខាន់មួយសម្រាប់គាត់ក្នុងការសម្រេចចិត្តជ្រើសរើសបេក្ខភាពមួយណា ត្រឡប់មកវិញសម្រាប់នាយករដ្ឋមន្ត្រី៕ប្រែសម្រួលៈ ណៃ តុលា