ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ​ មានគម្រោងដកកងទ័ពអាមេរិកចំនួន ៥០០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់

វ៉ាស៊ីនតោន៖ មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់បានឧ្យដឹងថា មន្ទីរបញ្ចកោណកំពុងមានគម្រោងដកកងទ័ពអាមេរិកប្រហែល ៥០០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់។

មន្ត្រីរូបនេះ ដែលបានឧ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា ការកត់សម្គាល់ថ្មីៗរបស់អធិការបតីអាល្លឺម៉ង់លោក Friedrich Merz លើសង្គ្រាមរបស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់គឺ “មិនសមរម្យ និងមិនមានប្រយោជន៍”។

កាលពីដើមសប្តាហ៍នេះ លោក Merz បានរិះគន់សហរដ្ឋអាមេរិក​ ចំពោះការចូលរួមយោធា “គ្មានផែនការ” របស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយថា សហរដ្ឋអាមេរិក “កំពុងត្រូវបានថ្នាក់ដឹកនាំអ៊ីរ៉ង់​ ធ្វេីឧ្យអាម៉ាស់”។

ជាការឆ្លើយតប លោក ត្រាំ បានវាយប្រហារមេដឹកនាំអាល្លឺម៉ង់រូបនេះ​ ដោយថា លោកមិនដឹងថាលោក​ កំពុងនិយាយអ្វីទេ​ ហើយព្រងើយកន្តើយ​ ចំពោះមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការកាត់បន្ថយកងទ័ពនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយការសម្រេចចិត្តនឹងត្រូវធ្វើឡើង «ក្នុងរយៈពេលដ៏ខ្លីខាងមុខ»។ លោកក៏បានឧ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា លោកក៏អាចកាត់បន្ថយវត្តមានយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសអេស្ប៉ាញ និងអ៊ីតាលីផងដែរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top