ព័ត៌មានអន្តរជាតិ

ណាតូ ប្រកាសធ្វើសមយុទ្ធយោធាមួយ ក្នុងតំបន់កំពុងកើតជម្លោះកូសូវ៉ូ

បរទេស៖អង្គការណាតូ ដែលមានសហរដ្ឋអាមេរិកជាអ្នកដឹកនាំនោះ បានប្រកាសកាលពីថ្ងៃម្សិលមិញនេះថា នឹងរៀបចំនូវសមយុទ្ធយោធា បែបជាយុទ្ធសាស្ត្រមួយ នៅក្នុងតំបន់កូសូវ៉ូ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលភាពតានតឹងនៅក្នុងតំបន់នេះ កំពុងកើនឡើងរវាងក្រុមអ្នកគាំទ្រ ពីក្រោយដោយរដ្ឋាភិបាលលោកខាងលិច និងក្រុមកុលសម្ព័ន្ធរបស់ប្រទេសស៊ែប៊ី។

នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងទៀតដែរថា កងកម្លាំងរបស់កូសូវ៉ូ ឬ Kosovo Force (KFOR) នឹងរៀបចំធ្វើសមយុទ្ធយោធាជាទៀងទាត់មួយ នៅក្បែរទីតាំងមូលដ្ឋានទ័ព Novo Selo ដែលមានគោលបំណងសំខាន់ ក្នុងការហ្វឹកហាត់ជូនកងកម្លាំង KFOR ដើម្បីធានាឲ្យបាននូវការការពារ ដែលប្រកបដោសេរីភាពផងនិងធានា ឲ្យបាននូវការឆ្លើយតបក្នុងករណី ជួបគ្រោះវិបត្តិធម្មជាតិនានាផងដែរ។

កាលពីមុននេះប៉ុន្មានថ្ងៃប្រធានាធិបតី នៃប្រទេសស៊ែប៊ីលោក Aleksandar Vucic ក៏បានធ្វើការស្នើសុំ KFOR ដើម្បីបញ្ចូនកងកម្លាំងស៊ែប៊ី ប្រមាណជា១០០០០នាក់ផងដែរ ទៅដាក់ពង្រាយនៅក្នុងតំបន់កូសូវ៉ូ ប៉ុន្តែមិនទាន់ត្រូវបានទទួលការយល់ព្រម ពីសំណាក់ KFOR នៅឡើយ។

គួរឲ្យដឹងដែរថាកូសូវ៉ូ ដែលបានប្រកាសឯករាជ្យ ជាឯកតោភាគីពីប្រទេសស៊ែប៊ី តាំងតែពីឆ្នាំ២០០៨នោះត្រូវបានគ្រប់គ្រងសន្តិសុខ ដោយអង្គការណាតូជាបណ្តោះអាសន្ន អស់រយៈពេលជាយូរមកហើយ ពោលតាំងតែពីឆ្នាំ១៩៩៩មកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top