កូរ៉េខាងត្បូង៖កាលពីថ្ងៃពុធ កម្លាំងពលកម្ម និងក្រុមគ្រប់គ្រង របស់ក្រុមហ៊ុន Samsung Electronics បានបរាជ័យសម្រាប់កិច្ចព្រមព្រៀងមួយ ក្នុងកិច្ចចរចាចុងក្រោយរបស់ពួកគេ ហើយសហជីពកម្មកររបស់ក្រុមហ៊ុនបាននិយាយថា ពួកគេនឹងចាប់ផ្តើមកូដកម្មរយៈពេល ១៨ ថ្ងៃនៅថ្ងៃព្រហស្បតិ៍ ខណៈរដ្ឋាភិបាលអាចប្រើប្រាស់វិធានការអាជ្ញាកណ្តាលជាកាតព្វកិច្ច ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
យោងតាមមេដឹកនាំសហជីព លោក Choi Seung-ho បាននិយាយថា កម្លាំងពលកម្ម និងក្រុមគ្រប់គ្រងរបស់ក្រុមហ៊ុន បានបញ្ចប់ការចរចា របស់ពួកគេនៅម៉ោងប្រហែល ១១ ព្រឹកថ្ងៃពុធ ទោះបីជាមានការចរចាបន្ថែម នៅវគ្គសម្របសម្រួល ដែលរៀបចំដោយរដ្ឋាភិបាល បានចាប់ផ្តើមនៅថ្ងៃចន្ទក៏ដោយ។
លោក Choi បានអះអាងថា សហជីពបានយល់ព្រមលើសំណើសម្របសម្រួលដែលបានបង្ហាញដោយគណៈកម្មការទំនាក់ទំនងការងារជាតិ (NLRC) នៅយប់ថ្ងៃពុធ ប៉ុន្តែក្រុមហ៊ុនបានស្នើសុំពេលវេលាបន្ថែមទៀត ដែលនាំឲ្យភាគីទាំងពីរបន្តការចរចារហូតដល់ថ្ងៃពុធ។ លោកបានបន្ថែមថា NLRC នៅទីបំផុតបានបញ្ចប់វគ្គ ខណៈក្រុមហ៊ុននៅតែបន្តរក្សាជំហររបស់ខ្លួន។
សហជីពទាំងនោះបានបន្តថា ពួកគេនឹងបន្តធ្វើកូដកម្មទូទៅ តាមការគ្រោងទុក ។ សហជីពនឹងចូលធ្វើកូដកម្មទូទៅ ដោយស្របច្បាប់នៅថ្ងៃស្អែកតាមការគ្រោងទុក។ យើងក៏បញ្ជាក់យ៉ាងច្បាស់ថា យើងនឹងមិនបញ្ឈប់កិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងទេ សូម្បីតែក្នុងអំឡុងពេលធ្វើកូដកម្មក៏ដោយ។
ក្រុមហ៊ុន Samsung Electronics បានសម្តែងការសោកស្ដាយ ចំពោះការបែកបាក់នេះ ប៉ុន្តែបានស្តីបន្ទោសសហជីព ចំពោះការទាមទារហួសហេតុរបស់ពួកគេ ។ ក្រុមហ៊ុនបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា ការចរចាបានបរាជ័យ ព្រោះការទទួលយកការទាមទារហួសហេតុ របស់សហជីពអាចធ្វើឲ្យប៉ះពាល់ដល់គោលការណ៍គ្រប់គ្រងមូលដ្ឋានរបស់ក្រុមហ៊ុន៕
