ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ The Thaiger បានប្រាប់ឲ្យដឹងថា បុរសអាយុ ១៨ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅវត្តមួយក្នុងទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី ២៨ ខែមិថុនា បន្ទាប់ពីប៉ូលីសចោទប្រកាន់គាត់ទៅនឹងការលួចលុយចំនួន ៥,៨០០ បាតពីប្រអប់បរិច្ចាគ ហើយជាលុយ ដែលគាត់លួចបាន ត្រូវបានយកទៅចំណាយលើអ្នករកស៊ីផ្លូវភេទ និងអាហារមុនពេលត្រឡប់មកវិញលួចម្តងទៀត។
អ្នកស៊ើបអង្កេតមកពីស្ថានីយ៍ប៉ូលីស Samran Rat បានទទួលរបាយការណ៍ មួយនៅថ្ងៃទី ២៧ ខែមិថុនាថា លុយបានបាត់ពីប្រអប់ឈើមួយ ដែលរក្សាទុកនៅពីក្រោយរូប សំណាកព្រះពុទ្ធសំខាន់ ក្នុងសាលប្រជុំនៃវត្តសុធម្មទេពវរារាម ។ លុយទាំងនោះត្រូវបានដាក់ដោយឡែកសម្រាប់អ្នកគោរពបូជា ដើម្បីប្តូរយកគ្រឿងបូជា រួមទាំងផ្កា ធូប និងទៀន សម្រាប់គោរពបូជាព្រះត្រីលោកចិត្ត ដែលជារូបសំណាកសំខាន់របស់វត្ត។
វីដេអូ CCTV ពីកន្លែងកើតហេតុ និងតាមបណ្តោយផ្លូវរត់គេចខ្លួនរបស់ជនសង្ស័យបានបង្ហាញយុវជនសក់ខ្លីម្នាក់ពាក់មួកពណ៌ត្នោត អាវយឺតដៃខ្លីពណ៌ក្រហម និងខោពណ៌ស កំពុងបើកប្រអប់ឈើ ហើយដកលុយចេញមុនពេលចាកចេញពីបរិវេណ។
ហើយយោងតាមប៉ូលីស បាននិយាយថា មន្ត្រីនគរបាលបានប្រទះឃើញលោក Natcharapon អាយុ ១៨ ឆ្នាំ នៅមុខវត្តនៅរសៀលថ្ងៃបន្ទាប់ ថ្ងៃទី ២៨ ខែមិថុនា។ រូបរាងរបស់គាត់ត្រូវគ្នានឹងការពិពណ៌នាពីកាមេរ៉ាសុវត្ថិភាព។ គាត់ត្រូវបាននាំខ្លួនទៅសួរចម្លើយ គាត់ត្រូវបានទទួលស្គាល់ថា បានលួច។
លោក Natcharapon បានប្រាប់ប៉ូលីសថា គាត់បានចំណាយប្រាក់ដែលលួចបានទៅលើសេវាកម្មផ្លូវភេទ មាន់បំពង និងអាហារថ្លៃៗនៅតាមភោជនីយដ្ឋានផ្សេងៗ រហូតដល់នៅសល់ត្រឹមតែប្រហែល ២០០ បាតប៉ុណ្ណោះ។ គាត់បានបន្ថែមថា គាត់បានត្រឡប់ទៅវត្តវិញ ដោយមានបំណងលួចម្តងទៀត នៅពេលដែលមន្ត្រីប៉ូលីសបានឃាត់ខ្លួនគាត់។
ប៉ូលីសបានរកឃើញប្រាក់សុទ្ធចំនួន ២២០ បាត រួមជាមួយនឹងសម្លៀកបំពាក់ដែលគាត់បានស្លៀកនៅពេលប្រព្រឹត្តបទល្មើស៕
