បរទេស៖ សត្វពស់ប្រហែល ៩០០ ក្បាល រួមទាំងពស់វែកមានពិស បានរួចចេញពីកសិដ្ឋានមួយនៅក្នុងភូមិមួយក្នុងទីក្រុងហេងចូវ តំបន់ស្វយ័តក្វាងស៊ីចុង ភាគខាងត្បូងប្រទេសចិន បន្ទាប់ពីតំបន់នេះត្រូវបានខូចខាត ដោយទឹកជំនន់ ដែលបានបំផ្លិចបំផ្លាញតំបន់នេះ ដោយប្រជាជនមួយចំនួនរង របួសដោយសារពស់ចឹក ។ នេះបើយោងតាមការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយ។ រដ្ឋាភិបាលក្រុងបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមអ្នកជួយសង្គ្រោះត្រូវបានបញ្ជូនទៅដោះស្រាយស្ថានការណ៍ហើយ។
យោងតាមសារព័ត៌មាន The Global Times ចេញផ្សាយកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ថា ដោយសាររងផលប៉ះពាល់ដោយព្យុះទីហ្វុងម៉ៃសាក់ ខេត្តក្វាងស៊ីបានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដោយមានអាងស្តុកទឹកជាច្រើននៅក្នុងទីក្រុងហេងចូវ ខេត្តណាននីង ប្រឈមមុខនឹងស្ថានភាពអាសន្ន។
កាលពីថ្ងៃអង្គារ អ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានបង្ហោះរូបថត និងវីដេអូឃ្លីប ដោយអះអាងថា កសិដ្ឋានចិញ្ចឹមពស់មួយនៅក្នុងភូមិតេងវៃ ក្នុងទីក្រុងហេងចូវ ត្រូវបានបំផ្លាញ ដោយទឹកជំនន់ ដែលបណ្តាលឱ្យពស់មួយចំនួនធំរួចចេញ។ ការបង្ហោះទាំងនោះបានព្រមាន ប្រជាជននៅក្បែរនោះឱ្យមានការប្រុងប្រយ័ត្ន។
អ្នកប្រើប្រាស់អ៊ីនធឺណិតផ្សេងទៀតបានអត្ថាធិប្បាយថា អ្នកភូមិមួយចំនួនដែលជាប់គាំងត្រូវបានពស់ចឹក ហើយកំពុងប្រឈមមុខនឹងការខ្វះខាតសម្ភារៈវេជ្ជសាស្ត្រ និងការព្យាបាល នេះបើយោងតាមគេហទំព័រ CCTV.com។
