វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា សហរដ្ឋអាមេរិកនឹងពង្រីកការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់ ដើម្បីផ្តោតលើរោងចក្រថាមពល និងស្ពាននៅសប្តាហ៍ក្រោយ លុះត្រាតែទីក្រុងតេអេរ៉ង់ យល់ព្រមចរចា។
លោក ត្រាំ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា “សប្តាហ៍ក្រោយ វាពិតជាអាក្រក់សម្រាប់ពួកគេ ពីព្រោះសប្តាហ៍ក្រោយនឹងមកដល់រោងចក្រថាមពល ហើយសប្តាហ៍ក្រោយនឹងមកដល់ស្ពាន យើងនឹងវាយកម្ទេចរោងចក្រថាមពលទាំងអស់របស់ពួកគេ។ យើងនឹងវាយកម្ទេចស្ពានទាំងអស់របស់ពួកគេ លុះត្រាតែពួកគេមកចរចា”។
ប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា យោធាអ៊ីរ៉ង់ ត្រូវបាន “បន្ទាបបន្ថោកដល់កម្រិតទាបបំផុត” បន្ទាប់ពីការវាយប្រហារម្តងហើយម្តងទៀតរបស់សហរដ្ឋអាមេរិក ហើយការវាយប្រហារនឹងបន្ត “រហូតដល់ខ្ញុំនិយាយថា វាគ្រប់គ្រាន់ហើយ”។ ទន្ទឹមនឹងនេះ លោក ត្រាំ បានប្រាប់ Fox News ថា តំណាងរបស់លោកបានទាក់ទងជាមួយមន្ត្រីអ៊ីរ៉ង់ថ្មីៗនេះ។
នៅពេលសួរថា សារអ្វីដែលត្រូវបានផ្ញើទៅកាន់អ៊ីរ៉ង់ លោក ត្រាំ បានឲ្យដឹងថា “អ្នកគួរតែធ្វើកិច្ចព្រមព្រៀង។ អ្នកនឹងមិនមានអ្វីនៅសល់ទេ”។ ការកត់សម្គាល់របស់លោក បានកើតឡើងចំពេលមានការកើនឡើងនៃជម្លោះចុងក្រោយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារ កងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារមួយជុំទៀតប្រឆាំងនឹងគោលដៅអ៊ីរ៉ង់សម្រាប់ថ្ងៃទី៤ ជាប់ៗគ្នា និងបានដាក់ចេញនូវការបិទផ្លូវឡើងវិញនៅក្នុងច្រកសមុទ្រ ហ័រមូស។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងសហរដ្ឋអាមេរិក បានបន្តការបិទផ្លូវកងទ័ពជើងទឹកប្រឆាំងនឹងនាវាដែលធ្វើដំណើរទៅ និងមកពីកំពង់ផែ និងតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់” ៕
ប្រែសម្រួល ឈូក បូរ៉ា
