បរទេស៖ ប្រទេសជប៉ុននៅថ្ងៃអង្គារបានថ្លែងថា ខ្លួនបានដាក់លិខិតតវ៉ាមួយទៅកាន់ប្រទេសចិន ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដែលជប៉ុនអះអាងថា ត្រូវបានធ្វើឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន ដែលជាហេតុការណ៍មួយអាចធ្វើឱ្យទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅអាស៊ីនេះ កាន់តែមានភាពតានតឹងបន្ថែមទៀត។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា កងទ័ពជប៉ុនបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីព្រលឹមថ្ងៃអាទិត្យសមយុទ្ធដែលមានការចូលរួមពីនាវារបស់រុស្ស៊ីផងដែរនោះ ត្រូវបានធ្វើឡើងនៅចម្ងាយប្រហែល ១៨០ គីឡូម៉ែត្រ ភាគនិរតីនៃកោះដែលទីក្រុងតូក្យូហៅថា កោះអូគីណូទូរី (Okinotori Island) ។
ប្រទេសចិនបានវែកញែកថា កោះដាច់ស្រយាល អូគីណូទូរី នេះ គ្រាន់តែជាផ្ទាំងថ្មប៉ុណ្ណោះ មិនមែនជាកោះនោះទេ ហេតុទើបជប៉ុនគ្មានសិទ្ធិទាមទារដែនទឹកជុំវិញនោះជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួនឡើយ។ ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
អ្នកនាំពាក្យកំពូលនៃរដ្ឋាភិបាលជប៉ុន លោក មីណូរូ គីហារ៉ា (Minoru Kihara) បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារថា៖ «រដ្ឋាភិបាលជប៉ុនបានដាក់លិខិតតវ៉ាទៅកាន់ប្រទេសចិនតាមរយៈផ្លូវទូត ដោយផ្អែកលើហេតុផលដែលថា សកម្មភាពបែបនេះអាចបង្កគ្រោះថ្នាក់ដល់ការធ្វើនាវាចរណ៍នៃនាវាទាំងឡាយដែលស្ថិតនៅក្បែរនោះ»។
អ្នកនាំពាក្យកងទ័ពជប៉ុនម្នាក់បានថ្លែងថា នេះជាលើកទីមួយហើយដែលទីក្រុងតូក្យូបានលាតត្រដាងជាសាធារណៈអំពីការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់ចិននៅក្នុងតំបន់ EEZ របស់ខ្លួន ប៉ុន្តែបានបន្ថែមថា សកម្មភាពនេះមិនបានល្មើសនឹងច្បាប់អន្តរជាតិនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា
