ប៊ុលហ្គារី ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោកវេជ្ជបណ្ឌិត Kiril Apo stolov មិនបង្ហាញសញ្ញា នៃការដកដង្ហើមខ្លីៗទេ ខណៈលោកដើរតាមដងផ្លូវចោតមួយ នៅភូមិភ្នំ Skrat ភាគនិរតីនៃប្រទេសប៊ុលហ្គារី ដោយមានកាបូបវេជ្ជសាស្ត្រក្នុងដៃ ទោះបីជាលោកមានអាយុច្រើនក៏ដោយ ។
លោក Apostolov មានអាយុ ៩០ ឆ្នាំ នៅខែឧសភា ហើយលោកនៅតែឡើងភ្នំដដែលស្ទើរតែរាល់ថ្ងៃដើម្បីទៅជួបអ្នកជំងឺរបស់លោកនៅជើងភ្នំ Belasitsa ជិតព្រំដែនជាមួយប្រទេសក្រិក និងម៉ាសេដូនខាងជើង។ ដំណើររបស់លោក មិនមែនជារឿងចម្លែក នៅប្រទេសប៊ុលហ្គារី ជាកន្លែងដែលគ្រូពេទ្យទូទៅ ជាច្រើននៅតែបន្តធ្វើការបានល្អលើសពីអាយុចូលនិវត្តន៍ ពីព្រោះគ្មាននរណាម្នាក់ជំនួសពួកគេទេ ជាពិសេសនៅតំបន់ជនបទ។
នេះបើយោងតាម Eurostat បាននិយាយថា នៅឆ្នាំ ២០២៣ លោកវេជ្ជបណ្ឌិត ៥៤.៥ភាគរយក្នុងប្រទេសក្រីក្របំផុតរបស់សហភាពអឺរ៉ុបមានអាយុ ៥៥ ឆ្នាំ ឬចាស់ជាងនេះ ជាសមាមាត្រខ្ពស់បំផុតនៃប្រទេសណាមួយក្នុងតំបន់ ។ សម្រាប់គ្រូពេទ្យទូទៅដូចជា លោក Apostolove អាយុជាមធ្យមបច្ចុប្បន្នលើសពី ៦១ ឆ្នាំ។
នេះបើយោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD)ថា ប្រទេសប៊ុលហ្គារី ក៏មានអាយុកាលមធ្យមទាបបំផុត នៅសហភាពអឺរ៉ុប មានអាយុ ៧៥.៨ ឆ្នាំនៅឆ្នាំ ២០២៤ បើប្រៀបធៀបទៅនឹងមធ្យមភាគទូទាំងតំបន់មានអាយុ ៨១.៥ ឆ្នាំ និងជាអត្រាមរណភាពខ្ពស់បំផុតមួយ ដែលអាចការពារបាន ។
នេះគឺដោយសារតែកង្វះខាតគ្រូពេទ្យ នាំឲ្យមានការធ្វើរោគវិនិច្ឆ័យនៅពេលក្រោយ និងការគ្រប់គ្រងជំងឺរ៉ាំរ៉ៃកាន់តែអាក្រក់។ លោក Apostolov តែម្នាក់ឯងមានអ្នកជំងឺជាង ១,៥០០នាក់ក្នុងបញ្ជីរបស់លោក ដែលរាយប៉ាយពាសពេញភូមិជាច្រើន៕
