ព័ត៌មានអន្តរជាតិ

​ ប្រេស៊ីល​ កោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន​ បន្ទាប់ពីមានការរិះគន់ ពីប្រធានាធិបតីអាហ្សង់ទីន​

ប្រេស៊ីល៖​ ក្រសួងការបរទេសប្រេស៊ីល​ បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសអាហ្សង់ទីន លោក Julio Bitelli ដើម្បីពិគ្រោះយោបល់លើទំនាក់ទំនងរវាងប្រទេសទាំងពីរ។​ បន្ទាប់ពីមានការរិះគន់ពីប្រធានាធិបតីអាហ្សង់ទីន​។

រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បានធ្វើការសម្រេចចិត្តនៅព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីពិគ្រោះជាមួយប្រធានាធិបតី លោក Luiz Inacio Lula da Silva។

ប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei បានចូលរួមសន្និបាតជាតិរបស់គណបក្សសេរីនិយមប្រេស៊ីលនៅទីក្រុង Sao Paulo កាលពីថ្ងៃសៅរ៍ ជាកន្លែងដែលគណបក្សនេះបានតែងតាំងលោក Flavio Bolsonaro កូនប្រុសរបស់អតីតប្រធានាធិបតី លោក Jair Bolsonaro ជាបេក្ខជនប្រធានាធិបតីរបស់ខ្លួន។

នៅក្នុងសុន្ទរកថារបស់លោក លោក Milei បានរិះគន់រដ្ឋាភិបាលរបស់លោក Lula និងបានតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ចៅក្រមតុលាការសហព័ន្ធកំពូល Alexandre de Moraes ដែលបានរារាំងលោកពីការទៅជួបអតីតប្រធានាធិបតី​ ដែលជាប់ពន្ធនាគារ។

ប្រធានតុលាការសហព័ន្ធកំពូល លោក Luiz Edson Fachin ក្រោយមកបានបដិសេធអ្វីដែលលោកហៅថា “ការប្រមាថដ៏ឈ្លើយ” របស់លោក Milei ប្រឆាំងនឹងលោក Moraes ដោយថា ការកត់សម្គាល់នេះបានរំលោភលើបទដ្ឋានការទូតរវាងប្រទេសនានា៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top