ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់​ ជំរុញឧ្យមានការ ដាក់សម្ពាធលើអ៊ីស្រាអែល​ ឱ្យអនុម័តផែនទីបង្ហាញផ្លូវ សម្រាប់ដំណាក់កាលទី២​ នៃកិច្ចព្រមព្រៀង ឈប់បាញ់ នៅតំបន់ហ្គាហ្សា

ហ្គាហ្សា៖​ ចលនាតស៊ូឥស្លាមប៉ាឡេស្ទីន (ហាម៉ាស់) បានអំពាវនាវដល់អ្នកសម្របសម្រួល និងអ្នកធានាឱ្យដាក់សម្ពាធលើអ៊ីស្រាអែល​ ឱ្យអនុម័តផែនទីបង្ហាញផ្លូវសម្រាប់ដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា។

ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយ ដែលចេញ ផ្សាយបន្ទាប់ពីកិច្ចប្រជុំមួយនៅទីក្រុងគែរ រវាងគណៈប្រតិភូហាម៉ាសដឹកនាំដោយលោក Khalil al-Hayya ប្រធានការិយាល័យ នយោបាយរបស់ចលនា និងតំណាងអ្នកសម្របសម្រួល និងអ្នកធានា នៃកិច្ចព្រមព្រៀងឈប់បាញ់។

សេចក្តីថ្លែងការណ៍បានឧ្យដឹងដា គណៈប្រតិភូបានជំរុញឱ្យអ្នកសម្របសម្រួល និង “ក្រុមប្រឹក្សាសន្តិភាព” ដឹកនាំដោយសហរដ្ឋអាមេរិក​ ឱ្យដាក់សម្ពាធលើអ៊ីស្រាអែល​ ឱ្យអនុវត្តការប្តេជ្ញាចិត្តទាំងអស់របស់ខ្លួនក្រោមដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀង បញ្ឈប់ការសម្លាប់ និងការឈ្លានពានដី និងអនុម័តផែនទីបង្ហាញផ្លូវ​ សម្រាប់ដំណាក់កាលទីពីរ​ នៃកិច្ចព្រមព្រៀង។

ក្រុមហាម៉ាស់ក៏បានឧ្យដឹងផងដែរថា ខ្លួនបានទទួលយកផែនទីបង្ហាញផ្លូវ ដោយលើកឡើងពីគោលបំណងរបស់ខ្លួនក្នុងការធានាបាននូវបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកទ័ពរបស់អ៊ីស្រាអែល​ ចេញពីហ្គាហ្សាទាំងស្រុង ជំនួយមនុស្សធម៌ ប្រកបដោយចីរភាព និងការចាប់ផ្តើមការងារ ដោយគណៈកម្មាធិការជាតិ សម្រាប់រដ្ឋបាលហ្គាហ្សា។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ បានឧ្យដឹងកាលពីដើមខែនេះថា អ៊ីស្រាអែល​ បានបដិសេធផែនទីបង្ហាញផ្លូវដែលគាំទ្រដោយសហរដ្ឋអាមេរិក ហើយនឹងមិនដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ហ្គាហ្សានោះទេ រហូតដល់ក្រុមហាម៉ាស់ត្រូវបានដកហូតអាវុធទាំងស្រុង។

ក្រុមប្រឹក្សាសន្តិភាព បានចេញផ្សាយផែនទី បង្ហាញផ្លូវចំនួន ១៥ ចំណុចនៅថ្ងៃទី ៣១ ខែកក្កដា សម្រាប់ការអនុវត្តដំណាក់កាលបន្ទាប់ នៃកិច្ចព្រមព្រៀងហ្គាហ្សា។

វារួមបញ្ចូលទាំងការបញ្ចប់ប្រតិបត្តិការយោធា ការផ្ទេររដ្ឋបាលស៊ីវិល​ ទៅគណៈកម្មាធិការជាតិ សម្រាប់រដ្ឋបាលហ្គាហ្សា ការរំសាយអាវុធ ធុនធ្ងន់ ឃ្លាំងអាវុធ កន្លែងផលិតយោធា និងផ្លូវរូងក្រោមដី រួមជាមួយនឹងការរៀបចំ សម្រាប់ការដកទ័ពរបស់អ៊ីស្រាអែល៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top