វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោករំពឹងថានឹងជួបជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK) ម្តងទៀតនៅចុងឆ្នាំនេះ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន នៅពេលសួរថាតើលោករំពឹងថានឹងជួបជាមួយលោក គម ជុងអ៊ុន នៅឆ្នាំនេះ ឬអត់។ សេតវិមានមិនទាន់បានបញ្ជាក់ពីផែនការសម្រាប់កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរនៅឡើយទេ។
កាសែត Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក ត្រាំ បានពិភាក្សាជាឯកជនអំពីការរៀបចំកិច្ចប្រជុំផ្ទាល់ជាមួយលោក គីម ជុងអ៊ុន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់អាស៊ី ដែលអាចធ្វើឡើងនៅខែវិច្ឆិកា។
ខណៈពេលដែលលោក ត្រាំ មើលឃើញកិច្ចប្រជុំមួយទល់នឹងមួយម្តងទៀតជាឱកាសដើម្បីបើកការសន្ទនាជាមួយកូរ៉េខាងជេីង អ្នកវិភាគ និងមន្ត្រីអាមេរិកមួយចំនួន មិនរំពឹងថានឹងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
