ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុននាំចេញប្រេងឥន្ធនៈ របស់សហរដ្ឋអាមេរិក និង ឥណ្ឌា កំពុងទទួលបានផលប្រយោជន៍ ពីភាពមិនប្រាកដប្រជា នៃការផ្គត់ផ្គង់ក្នុងអំឡុងពេលសង្គ្រាម ទាំងនៅអ៊ីរ៉ង់ និងអ៊ុយក្រែន

បរទេស៖ ក្រុមហ៊ុនចម្រាញ់ប្រេង នៅក្នុងប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក កំពុងទទួលបានផលចំណេញយ៉ាងច្រើន ខណៈដែលសង្គ្រាមនៅអ៊ីរ៉ង់ និងអ៊ុយក្រែន បានរំខានដល់ការ ផ្គត់ផ្គង់ប្រេងឥន្ធនៈសកល ដោយបានជំរុញឱ្យតម្លៃកើនឡើង និងធ្វើឱ្យអ្នកនាំចូលត្រូវប្រជែងគ្នា ដណ្តើមប្រេងនៅកម្រិតកំពូល នៃរដូវបើកបររដូវក្តៅនៅអឌ្ឍគោលខាងជើង។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ថា ដោយមិនមានការរារាំងពីការវាយប្រហារ ឬការបិទផ្លូវដឹកជញ្ជូន រោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក បានបង្កើនការនាំចេញទៅកាន់ប្រទេសដែលពីមុនពឹងផ្អែកលើការទិញពីមជ្ឈិមបូព៌ា និងរុស្ស៊ី។ ដរាបណាសង្គ្រាមរំខានដល់ការផ្គត់ផ្គង់ទាំងនោះ ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌា និងសហរដ្ឋអាមេរិក គួរតែបន្តទទួលបានប្រាក់រាប់ពាន់លានដុល្លារពីការនាំចេញខ្ពស់ ,នេះបើយោងតាមអ្នកវិភាគ និងអ្នកជួញដូរ។

លោក Lin Ye អនុប្រធានក្រុមហ៊ុនប្រឹក្សាយោបល់ Rystad Energy បាននិយាយថា “ប្រទេសឥណ្ឌានឹងបន្តដើរតួជាអ្នកផ្គត់ផ្គង់ប្តូរវេនរបស់អាស៊ី នៅពេលដែលទីផ្សារក្នុងតំបន់កាន់តែតានតឹង”។

លោក Ye បានបន្ថែមថា ការប្រើប្រាស់ខ្ពស់ជាប់លាប់នៅរោងចក្រចម្រាញ់ប្រេងដែលផ្តោតលើការនាំចេញដូចជា Reliance និង Nayara បានអនុញ្ញាតឱ្យប្រទេសឥណ្ឌាឆ្លើយតបទៅនឹងតុល្យភាពក្នុងតំបន់កាន់តែតឹងតែង។

នៅសហរដ្ឋអាមេរិក ក្រុមហ៊ុនចម្រាញ់ប្រេងបាននាំចេញប្រេងឥន្ធនៈចម្រាញ់ ដែលរួមមានប្រេងម៉ាស៊ូត និងប្រេងកំដៅ ក្នុងល្បឿនកំណត់ត្រា ១,៩ លានបារ៉ែលក្នុងមួយថ្ងៃក្នុងសប្តាហ៍ដែលបានបញ្ចប់នៅថ្ងៃទី ៧ ខែសីហា។ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ដោយការនាំចេញប្រេងឥន្ធនៈយន្តហោះចំនួន ៤៤៣.០០០ បារ៉ែលក្នុងមួយថ្ងៃ គឺតិចជាងកំណត់ត្រាដែលមានចំនួន ៤៥៥.០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងខែឧសភា។

យោងតាមទិន្នន័យពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) គឺទិន្នផលចម្រាញ់ប្រេងសកលបានធ្លាក់ចុះមកត្រឹមប្រហែល ៨៩ លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែកក្កដា ធ្លាក់ចុះ ៥ លានបារ៉ែលក្នុងមួយថ្ងៃ ធៀបនឹងឆ្នាំមុន។ តម្រូវការប្រេងសកលមានជាង ១០០ លានបារ៉ែលក្នុងមួយថ្ងៃ ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top