ព័ត៌មានអន្តរជាតិ

ស៊ីរី និងអ៊ីស្រាអែល ធ្វើការចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅហ្ស៊កដានី ដើម្បីបន្ធូរបន្ថយភាពតានតឹង

ដាម៉ាស់៖ គណៈប្រតិភូជាន់ខ្ពស់ស៊ីរី និងអ៊ីស្រាអែល បានធ្វើកិច្ចចរចានៅប្រទេសហ្ស៊កដានី កាលពីថ្ងៃអាទិត្យ ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក ដោយផ្តោតលើការបន្ធូរបន្ថយភាពតានតឹង និងកិច្ចខិតខំប្រឹងប្រែង​ ដើម្បីស្តារការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិសុខ។ 

យោងតាមប្រភពដដែល គណៈប្រតិភូជាន់ខ្ពស់ស៊ីរី ដឹកនាំដោយប្រធានក្រសួងការបរទេស លោក Asaad al-Shaibani និងរួមមានប្រធានសេវាស៊ើបការណ៍សម្ងាត់ទូទៅ និងយោធា ខណៈដែលអ៊ីស្រាអែល ត្រូវបានតំណាងដោយគណៈប្រតិភូជាន់ខ្ពស់។

កិច្ចប្រជុំដែលហ្ស៊កដានីធ្វើជាម្ចាស់ផ្ទះ ត្រូវបានធ្វើឡើងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹង បន្ទាប់ពីការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែល លើទឹកដីស៊ីរី និងភាពតានតឹងកើនឡើងនៅភាគខាងត្បូងស៊ីរី ក៏ដូចជាដើម្បីគាំទ្រស្ថិរភាពនៅក្នុងប្រទេសស៊ីរី និងតំបន់ទូលំទូលាយ។ 

ប្រភពដដែលបានឧ្យដឹងថា ការពិភាក្សាទាំងនេះផ្តោតលើការបង្កើតយន្តការជាក់ស្តែងដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល ការចាប់ខ្លួន និងប្រតិបត្តិការកំណត់គោលដៅ ព្រមទាំងការរស់ឡើងវិញនៃការចរចាដោយមានគោលបំណងឈានដល់កិច្ចព្រមព្រៀងសន្តិសុខ​ ដែលអាចដាក់មូលដ្ឋានគ្រឹះ​ សម្រាប់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយនាពេលអនាគត។

គណៈប្រតិភូស៊ីរី​ បានសង្កត់ធ្ងន់ថា ស៊ីរី​ គឺជារដ្ឋអធិបតេយ្យមួយ ហើយមានសិទ្ធិកសាង និងអភិវឌ្ឍកងទ័ពជាតិរបស់ខ្លួនឡើងវិញ និងកំណត់សម្ព័ន្ធភាព និងភាពជាដៃគូរបស់ខ្លួនស្របតាមផលប្រយោជន៍ជាតិរបស់ខ្លួន៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top