បរទេស៖ អង្គការអន្តរជាតិ បានធ្វើការវាយតម្លៃដោយសុទិដ្ឋិនិយមលើដំណើរការសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ដោយបានបង្ហាញពីសន្ទុះកំណើន ដ៏រឹងមាំរបស់វៀតណាម ដោយផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានគេរំពឹងថានឹងកើនឡើង ១១% នៅឆ្នាំក្រោយ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើង ៨,៤% ធៀបនឹងឆ្នាំមុន នៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៦ ដែលលើសពីការព្យាករណ៍ពីមុន ៧%។ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៨,២% ដោយឧស្សាហកម្ម និងសំណង់នៅតែជាកត្តាជំរុញកំណើនដ៏សំខាន់ រួមជាមួយនឹងការងើបឡើងវិញនៃសកម្មភាពផលិតកម្ម និងតម្រូវការក្នុងស្រុក។
យោងតាម AFP លោក Standre Bezuidenhout អនុប្រធានផ្នែកការរួមបញ្ចូលគ្នា និងការទិញយកសាជីវកម្មក្នុងតំបន់នៅក្រុមហ៊ុនច្បាប់អន្តរជាតិ DFDL បាននិយាយថា ប្រទេសវៀតណាមបានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការប្រែក្លាយការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងខ្សែសង្វាក់ផ្គត់ផ្គង់ទៅជាឱកាសដើម្បីទាក់ទាញការវិនិយោគ។
លោកបានកត់សម្គាល់ថា ប្រទេសវៀតណាមបានបន្តទាក់ទាញសកម្មភាពផលិតកម្ម ធ្វើឱ្យការធ្វើសមាហរណកម្មពាណិជ្ជកម្មកាន់តែស៊ីជម្រៅ និងពង្រឹងជំហររបស់ខ្លួនជាគោលដៅដែលអាចទុកចិត្តបានសម្រាប់លំហូរវិនិយោគ។
សន្ទុះកំណើនក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងពាណិជ្ជកម្ម និងការវិនិយោគបរទេសផងដែរ។ ការនាំចេញរបស់វៀតណាមបានឈានដល់ ២៦៦,៥២ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៦ កើនឡើង ២១% ធៀបនឹងឆ្នាំមុន ខណៈដែលការវិនិយោគបរទេសបានកើនឡើង ៦១% ដល់ ៣៤,៦៥ ពាន់លានដុល្លារ។
ប្រែសម្រួលៈ ណៃ តុលា
