ព័ត៌មានអន្តរជាតិ

ស្ត្រីថ្លើមធំម្នាក់បើកបុកឡានប៉ូលិស ៣ គ្រឿង និងបើកបរច្រាសទិសចរាចរណ៍ លើផ្លូវហាយវេក្នុងចម្ងាយ ១០ គីឡូម៉ែត្រ

ខេត្តឈីបា៖ប៉ូលិសជប៉ុន បានឲ្យដឹងថា ស្ត្រីម្នាក់បានព្យាយាមគេចខ្លួនពីប៉ូលិសកាលពីថ្ងៃពុធ ប៉ុន្តែមិនបានសម្រេច ដោយនាងបានបើកបុកឡានប៉ូលិសចំនួន ៣ គ្រឿង និងបើកបរក្នុងទិសដៅផ្ទុយពីចរាចរណ៍លើផ្លូវហាយវេ ក្នុងចម្ងាយប្រហែល ១០ គីឡូម៉ែត្រ នៅខេត្តឈីបា ប្រទេសជប៉ុន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

នៅតាមផ្លូវមួយក្នុងសង្កាត់ Shibuya នៃទីក្រុងតូក្យូ ដែលមានចម្ងាយរាប់សិបគីឡូម៉ែត្រ ពីចំណុចចាប់ផ្តើមនៃការដេញតាមនោះ នាយកដ្ឋានប៉ូលិសទីក្រុងតូក្យូបានចាប់ខ្លួនស្ត្រីវ័យ ៥៥ ឆ្នាំរូបនេះ ពីបទកាន់កាំបិតដោយមានផ្លែប្រវែង ១៥ សង់ទីម៉ែត្រ ក្រោយមក លោកស្រីត្រូវបានដោះលែងដើម្បីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ប៉ូលិសបានទទួលការហៅទូរសព្ទបន្ទាន់នៅម៉ោងប្រហែល ៩:២៥ ព្រឹក ដោយរាយការណ៍ថា មានរថយន្តមួយគ្រឿងចតនៅជិតចំណុចប្រសព្វផ្លូវមួយនៅលើផ្លូវ Keiyo Road ក្នុងទីក្រុងឈីបា ដែលកំពុងរារាំងចរាចរណ៍។

មន្ត្រីប៉ូលិសបានប្រញាប់ប្រញាល់ទៅ កាន់កន្លែងកើតហេតុ ហើយបានឃើញស្ត្រីម្នាក់កាន់កាំបិត ស្ថិតនៅកៅអីអ្នកបើកបរក្នុងរថយន្ត ។ ប៉ុន្តែប៉ូលិសបានឲ្យដឹងថា លោកស្រីមិនព្រមនិយាយអ្វីទាំងអស់ អស់រយៈពេលប្រហែលមួយម៉ោង ហើយបានបើកឡានចេញទៅវិញភ្លាមៗបន្ទាប់ពីម៉ោង ១១ ព្រឹក។

រថយន្តរបស់ស្ត្រីរូបនោះបានបុកឡាន ប៉ូលិសចំនួន ៣ គ្រឿង ដែលព្យាយាមឃាត់នាងនៅចំណុចមួយ។ បន្ទាប់មក នាងបានបើកចូលទៅក្នុងគន្លងផ្លូវ ហាយវេច្រាសទិសចរាចរណ៍នៅក្នុងតំបន់ Ichikawa ដែលធ្វើឲ្យប៉ូលិសត្រូវដេញ តាមរថយន្តនោះក្នុងចម្ងាយប្រហែល ១០ គីឡូម៉ែត្រ រហូតដល់ពួកគេយល់ឃើញថា ការបន្តដេញតាមនោះមានគ្រោះថ្នាក់ខ្លាំងពេក៕

Most Popular

To Top