ព័ត៌មានអន្តរជាតិ

កាណាដា និងអ៊ុយក្រែន​ រួមគ្នាបង្កេីនការផលិតយន្តហោះ គ្មានមនុស្សបើកយោធា

អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី ដែលកំពុងបំពេញទស្សនកិច្ច​ ដោយភាគីទាំងពីរបានប្រកាសពីកិច្ចព្រមព្រៀងថ្មី ដើម្បីពង្រីកការផលិតយន្តហោះគ្មានមនុស្សបើករួមគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ។

ក្រោមកិច្ចព្រមព្រៀងទាំងនេះ កាណាដា និងអ៊ុយក្រែន នឹងសហការគ្នាលើការអភិវឌ្ឍ និងផលិតយន្តហោះគ្មានមនុស្សបើក រួមទាំងការផ្គត់ផ្គង់រ៉ែ និងលោហធាតុសំខាន់ៗ និងវិស្វកម្ម និងផលិតកម្មពាក់ព័ន្ធ។ កាណាដា ក៏នឹងបង្កើតទីផ្សារយន្តហោះគ្មានមនុស្សបើកឌីជីថល ដែលយកគំរូតាមប្រព័ន្ធ “Brave1” របស់អ៊ុយក្រែន និងមានគម្រោងបង្កើនកងនាវាយន្តហោះគ្មានមនុស្សបើកយោធារបស់ខ្លួន​រហូតដល់​ ១០ដងផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានពីការិយាល័យនាយករដ្ឋមន្ត្រី កាណាដាក៏បានប្រកាសពីជំនួយថ្មីសម្រាប់អ៊ុយក្រែន រួមទាំងថវិកាប្រហែល ៣៥០លានដុល្លារកាណាដា (២៥២លានដុល្លារអាមេរិក) សម្រាប់យន្តហោះស្ទាក់ចាប់ការពារដែនអាកាស និងថវិកាជាង ៦៤០លានដុល្លារកាណាដា សម្រាប់ការជួសជុល និងកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលឡើងវិញ។

មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីភាពជាដៃគូរយៈពេល ១០០ឆ្នាំ និងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខកាន់តែប្រសើរឡើង។

យោងតាមសេចក្តីប្រកាសព័ត៌មាន ចាប់តាំងពីឆ្នាំ២០២២មក ការប្តេជ្ញាចិត្តសរុបរបស់ប្រទេសកាណាដា​ ចំពោះជំនួយអ៊ុយក្រែនបានកេីនឡេីងលើសពី ២៦ពាន់លានដុល្លារកាណាដា៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top