កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ឈុតសម្ដែងដ៏សិចស៊ីរបស់តារាចម្រៀងនាង Sakura សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង LE SSERAFIM បានបង្កឲ្យមានការរិះគន់ពីសំណាក់អ្នកគាំទ្រម្នាក់ ដែលនាំឲ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់អ្នកគាំទ្រអន្តរជាតិ។
បច្ចុប្បន្ន ក្រុម LE SSERAFIM កំពុងស្ថិតក្នុងដំណើរការប្រគុំតន្ត្រីជុំវិញពិភពលោក ដោយធ្វើការសម្ដែងនៅអាមេរិក។ ឈុតមួយក្នុងចំណោមឈុតថ្មីៗរបស់នាង Sakura បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយនាងបានស្លៀកអាវខាងក្នុងដែលមានរចនាប័ទ្មដូចអាវទ្រនាប់គ្របពីលើដោយអាវមួយជាន់ទៀត បង្ហាញឲ្យឃើញពីសម្រស់ និងរូបរាងដ៏ទាក់ទាញរបស់នាង។
ទោះជាយ៉ាងណាក៏ដោយ វាបានបង្កឲ្យមានការជជែកវែកញែកនៅលើបណ្ដាញអ៊ីនធើណេត។ អ្នកគាំទ្រម្នាក់បានបញ្ចេញមតិថា ពួកគេមិនពេញចិត្តនឹងរូបរាងដ៏សិចស៊ីនេះទេ ដោយយល់ឃើញថាវាហាក់ដូចជាមិនស្រួលខ្លួន និងអាចបង្កគ្រោះថ្នាក់បាន ដោយសារតែក្បាច់រាំរបស់ក្រុមនេះមានភាពស្វាហាប់។
យ៉ាងណាមិញ អ្នកគាំទ្រអន្តរជាតិបានចេញមុខការពារឈុតនេះយ៉ាងឆាប់រហ័ស ដោយពន្យល់ថា នាង Sakura គឺជាមនុស្សពេញវ័យម្នាក់ ហើយមិនមានអ្វីខុសឆ្គងនោះទេចំពោះការស្លៀកពាក់បែបនេះ៕
