ព័ត៌មានអន្តរជាតិ

លោក Ke Huy Quan នៅតែបន្តទទួលបានប្រាក់ ចំណែកពីភាពយន្ត “Indiana Jones” ក្រោយរយៈពេល៤០ឆ្នាំ ព្រមទាំងថ្លែងអំណរគុណដល់ Steven Spielberg និង George Lucas

​បរទេស” តារាសម្តែងម្ចាស់ពាន រង្វាន់អូស្ការ (Oscar) លោក Ke Huy Quan បានទម្លាយរឿងរ៉ាវដ៏គួរឱ្យរំភើបមួយ ដោយលោកបានបញ្ជាក់ថា លោកនៅតែបន្តទទួលបានមូលប្បទានប័ត្រ (សែក) ដែលជាចំណែកប្រាក់ចំណេញពីភាពយន្តខ្នាតធំ Indiana Jones and the Temple of Doom រហូតមកដល់សព្វថ្ងៃនេះ ទោះបីជាភាពយន្តនេះបានចាក់បញ្ចាំងតាំងពីឆ្នាំ១៩៨៤ ក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Deadline ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ។

​រឿងរ៉ាវនេះត្រូវបានលើកយកមកនិយាយ ក្នុងកិច្ចសម្ភាសន៍ថ្មីៗ ស្របពេលដែលលោកចេញផ្សាយសៀវភៅអនុស្សាវរីយ៍ “Never Say Die”។ លោក Quan បានរំលឹកពីសណ្តានចិត្តដ៏ល្អប្រពៃ និងភាពសប្បុរសរបស់ផលិតករជើងចាស់ លោក George Lucas និងអ្នកដឹកនាំរឿង លោក Steven Spielberg ដែលបានផ្លាស់ប្តូរជោគ វាសនាគ្រួសារលោកទាំងស្រុង ។

​នៅពេលដែលលោកត្រូវ បានជ្រើសរើសឱ្យសម្តែងជាតួ Short Round លោក Quan គ្រាន់តែជាកុមារាជនភៀសខ្លួនម្នាក់ប៉ុណ្ណោះ។ លោកមិនមានភ្នាក់ងារ តំណាង (Agent) មិនមានមេធាវី និងមិនទាន់ជាសមាជិក នៃសមាគមតារាសម្តែង (SAG) នោះទេ។ ដូច្នេះហើយ ពេលដែលខាងផលិតកម្ម ហុចកិច្ចសន្យាឱ្យ គ្រួសាររបស់លោកក៏ចុះហត្ថលេខាភ្លាមៗ ដោយមិនមានការទាមទារលក្ខខណ្ឌអ្វីទាំងអស់។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះគឺ ទោះបីជាលោកគ្មានមេធាវីជួយការពារក្តី លោក Steven Spielberg និង George Lucas មិនបានកេងចំណេញនោះទេ តែពួកគេបែរជាសម្រេចចិត្តដោយស្ម័គ្រចិត្តក្នុងការដាក់ឈ្មោះកុមារ Quan ចូលក្នុងកិច្ចសន្យា “ចែករំលែកប្រាក់ចំណេញ (Profit Participation)”។ វាជារឿងកម្របំផុតសម្រាប់តារាសម្តែងកុមារដែលទើបថតរឿងដំបូង ប៉ុន្តែដោយសារ Indiana Jones ក្លាយជាភាពយន្តរកចំណូលបានខ្ពស់បំផុតប្រចាំឆ្នាំ១៩៨៤ លោកទទួលបានផលប្រយោជន៍យ៉ាងច្រើន។

លោក Quan បានរំលឹកថា គ្រួសាររបស់លោកមានជីវភាពខ្វះខាត និងមានបំណុលយ៉ាងច្រើនបន្ទាប់ពីភៀសខ្លួនមកដល់សហរដ្ឋអាមេរិក។ ប៉ុន្តែប្រាក់ចំណែកពីភាពយន្តដែលលោកទទួលបានលើកដំបូង មានចំនួនច្រើនសន្ធឹកសន្ធាប់ រហូតអាចជួយឱ្យគ្រួសារលោកទិញផ្ទះធំមួយបានរស់នៅជុំគ្នា និងរួចផុតពីការជួលផ្ទះដ៏តូចចង្អៀត។

រហូតមកដល់ពេលនេះ រយៈពេលជាង៤ ទសវត្សរ៍ លោកនៅតែបន្តទទួលបានមូលប្បទានប័ត្រពីការចែករំលែកប្រាក់ចំណេញនេះដដែល ដែលធ្វើឲ្យលោកមានសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះផលិតករទាំងពីររូប។

រឿងរ៉ាវនេះសបញ្ជាក់ពីទឹកចិត្តមនុស្សធម៌ពិតៗនៅក្នុងសិល្បៈហូលីវូដ ដែលលោក Spielberg និង Lucas មិនត្រឹមតែផ្តល់ឱកាសឱ្យកុមារជនភៀសខ្លួនម្នាក់បានក្លាយជាតារាភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធានានូវអនាគតហិរញ្ញវត្ថុដ៏រឹងមាំ ដែលនាំឱ្យកុមាររូបនោះបោះជំហានយ៉ាងជោគជ័យរហូតក្លាយជាតារាសម្តែងជួរមុខ និងឈ្នះពានរង្វាន់ Oscar ដូចពេលបច្ចុប្បន្ន។

ប្រែសម្រួល៖ គីរី

Most Popular

To Top