ព័ត៌មានអន្តរជាតិ

គ្មានព្រះទ័យច្រណែន ដូចព្រះបិតាឡើយ! ព្រះអង្គម្ចាស់ William បង្ហាញក្តីមោទកភាព ខណៈព្រះនាង Kate ក្លាយជាតារាដ៏លេចធ្លោរបស់រាជវង្ស

បរទេស៖ ព្រះអង្គម្ចាស់ William និងព្រះនាង Kate Middleton បានលេចធ្លោឡើងជាគូស្វាមីភរិយាដ៏មានឥទ្ធិពលបំផុតប្រចាំរាជវង្សអង់គ្លេស ខណៈដែលប្រជាប្រិយភាព និងការគាំទ្រពីសាធារណជនចំពោះព្រះនាង Kate ត្រូវបានគេប្រៀបធៀបទៅនឹងអតីតព្រះនាង Diana ។ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញកិច្ចការរាជវង្ស ។
​
អ្នកស្រី Helena Chard អ្នកសារព័ត៌មាន និងជាអ្នកថតរូបជនជាតិអង់គ្លេស បានប្រាប់សារព័ត៌មាន Fox News Digital ថា ព្រះនាង Kate បានក្លាយជាតារាដ៏ភ្លឺស្វាងបំផុតរបស់របបរាជានិយម ហើយព្រះអង្គម្ចាស់ William ពិតជាសព្វព្រះទ័យនឹងភាពជោគជ័យនេះ ដោយមិនមានការច្រណែនឡើយ។

​អ្នកស្រីបានបញ្ជាក់ថា៖ «វាមិនមែនត្រឹមតែជាកាតព្វកិច្ចនោះទេ។ ព្រះអង្គម្ចាស់ William មិនត្រឹមតែមានមោទកភាពទេ ថែមទាំងចាប់ព្រះទ័យយ៉ាងខ្លាំងទៀតផង។ ក្រោយចំណងអាពាហ៍ពិពាហ៍ជាងមួយទសវត្សរ៍ និងមានបុត្រាបុត្រី ៣អង្គ ព្រះអង្គនៅតែបន្តលង់ព្រះទ័យនឹងព្រះនាងជានិច្ច»។

​អ្នកស្រី Chard បានបន្ថែមទៀតថា អាពាហ៍ពិពាហ៍ដែលទទួលបានការកោតសរសើរពីសាធារណជនកាន់តែខ្លាំងឡើងៗបែបនេះ គឺជារឿងកម្រណាស់។ ពួកទ្រង់បានសម្រេចនូវកិច្ចការដ៏លំបាកមួយ គឺការរក្សាបាននូវតុល្យភាពដ៏ល្អឥតខ្ចោះរវាងជីវិតឯកជន និងជីវិតជាសាធារណៈ។

​ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលអ្នកស្រី Jennie Bond អតីតអ្នកយកព័ត៌មានកិច្ចការរាជវង្សរបស់ស្ថាប័ន BBC បានប្រាប់សារព័ត៌មាន The Mirror ថា ព្រះអង្គម្ចាស់ និងព្រះនាងក្សត្រីយ៍នៃវែលស៍ (Wales) គឺជាគូស្វាមីភរិយាដ៏មានឥទ្ធិពល ដោយមានព្រះនាង Kate ជាត្បូងពេជ្រដ៏មានតម្លៃបំផុតប្រចាំរាជវង្ស។

​អ្នកស្រី Bond បានគូសបញ្ជាក់ថា៖ «ព្រះអង្គម្ចាស់ William និងព្រះនាង Catherine ពិតជាមានភាពទាក់ទាញ (wow factor) ដូចដែលព្រះនាង Diana ធ្លាប់មាន។ សាធារណជនសព្វថ្ងៃ ពិតជាកោតសរសើរចំពោះព្រះនាងក្សត្រីយ៍ថ្មីនៃវែលស៍ ដែលមានរាងខ្ពស់ ស្រស់សោភា និងមានភាពរាក់ទាក់ ខណៈព្រះអង្គម្ចាស់ William ហាក់បង្ហាញក្តីមោទកភាពយ៉ាងខ្លាំង ដែលព្រះជាយារបស់ទ្រង់ទទួលបានការស្រឡាញ់គាំទ្រយ៉ាងច្រើនបែបនេះ»៕

ប្រែសម្រួល៖ គីរី

Most Popular

To Top