ព័ត៌មានអន្តរជាតិ

ទីក្រុងហុងកុង បន្តរក្សាតំណែង ជាមជ្ឈមណ្ឌលមហាសេដ្ឋី កំពូលនៅអាស៊ី ទោះបីបាត់បង់សមាជិក ២ រូបក៏ដោយ

​បរទេស ៖ យោងតាមរបាយការណ៍ថ្មីមួយ ទីក្រុងហុងកុង នៅតែបន្តឈរជាទីក្រុងដែលមានមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ (Billionaires) ច្រើនជាងគេបំផុតនៅតំបន់អាស៊ី ជាមួយនឹងចំនួន ១០៦ នាក់ក្នុងឆ្នាំ២០២៥។ ទោះជាយ៉ាងណា តួលេខនេះមានការថយចុះចំនួន ២ នាក់ធៀបនឹងឆ្នាំមុន ដោយសារភាពទន់ខ្សោយ នៃវិស័យអចលនទ្រព្យ និងការទទួលបានផលចំណេញតិចតួចពីកំណើនទ្រព្យសម្បត្តិ ដែលជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VN Express ថ្ងៃទី២៨¡ខែកញ្ញា ឆ្នាំ២០២៦។

​ចំណុចសំខាន់ៗ នៃរបាយការណ៍ «ជំរឿនមហាសេដ្ឋីឆ្នាំ២០២៦» (Billionaire Census 2026) ចេញផ្សាយដោយ ក្រុមហ៊ុនទិន្នន័យ Altrata មានដូចជា ទីក្រុងហុងកុងឈរនៅលំដាប់ទី២ ទូទាំងពិភពលោក បន្ទាប់ពីទីក្រុងញូវយ៉ក ដែលមានមហាសេដ្ឋីចំនួន ១៦៤ នាក់ (កើនឡើង ១២ នាក់)។ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ឈរនៅលេខ៣ (៩៩ នាក់) តាមពីក្រោយដោយទីក្រុងឡុងដ៍ សិង្ហបុរី និងទីក្រុងឡូសអាន់ជឺឡេស។ ហុងកុង និងឡុងដ៍ គឺជាទីក្រុងតែ២គត់ ក្នុងចំណោមទីក្រុងកំពូលទាំង១៥ ដែលមានការធ្លាក់ចុះចំនួនមហាសេដ្ឋី។

យោងតាមសារព័ត៌មាន The Standard ទោះបីជាចំនួនបុគ្គលថយចុះក្តី ក៏ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីហុងកុងនៅតែបន្តកើនឡើង រហូតដល់ ៣១៩ ពាន់លានដុល្លារអាមេរិក។

ជាសកល AI បានក្លាយជាកត្តាជំរុញដ៏សំខាន់។ ក្នុងចំណោមក្រុមហ៊ុនចុះបញ្ជីចំនួន ១៥០ ដែលផ្តល់ចំណូលខ្ពស់បំផុតដល់មហាសេដ្ឋី ក្រុមហ៊ុនដែលបានវិនិយោគជាដុំកំភួនលើ AI (យ៉ាងហោចណាស់ ៣០ លានដុល្លារក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ) ទទួលបានកំណើនមូលធននីយកម្មទីផ្សារលឿនជាងក្រុមហ៊ុនមិនវិនិយោគ ដល់ទៅ ២៣% (ក្នុងឆ្នាំ២០២៤ និង២០២៥)។ អ្នកដែលទទួលបានផលចំណេញច្រើនជាងគេ គឺម្ចាស់ស្ថាបនិក និងម្ចាស់ភាគហ៊ុនធំៗនៃក្រុមហ៊ុនបច្ចេកវិទ្យា។

ភាពជោគជ័យនៃបច្ចេកវិទ្យា AI បានធ្វើឱ្យទ្រព្យសម្បត្តិប្រមូលផ្តុំទៅលើបុគ្គលកំពូលៗយ៉ាងខ្លាំង។ មហាសេដ្ឋីពិភពលោកចំនួន ២៩ នាក់ ដែលមានទ្រព្យសម្បត្តិជាង ៥០ ពាន់លានដុល្លារ បានក្តោបក្តាប់ទ្រព្យសម្បត្តិរួមគ្នា ៤,១ ទ្រីលានដុល្លារ ស្មើនឹង ២៧,២% នៃទ្រព្យសម្បត្តិមហាសេដ្ឋីសរុប ដែលតួលេខនេះកើនឡើងពីត្រឹមតែ ៧,២% ប៉ុណ្ណោះក្នុងឆ្នាំ២០១៧។

ចំនួនមហាសេដ្ឋីបានកើនឡើង ៦,៥% ដល់ ៨៨១ នាក់ ដោយសារឥទ្ធិពលជាវិជ្ជមានពី AI និងកំណើនទីផ្សារភាគហ៊ុនយ៉ាងរឹងមាំ ជាពិសេសសន្ទស្សន៍ KOSPI របស់កូរ៉េខាងត្បូង តៃវ៉ាន់ ជប៉ុន និងហុងកុង។

ជារួម ចំនួនមហាសេដ្ឋីទូទាំងពិភពលោកបានកើនឡើង ៨,២% ដល់កំណត់ត្រាថ្មី ៣.៧៩៥ នាក់ ក្នុងឆ្នាំ២០២៥ (កំណើនលឿនបំផុតក្នុងរយៈពេល ៥ឆ្នាំ)។ ទ្រព្យសម្បត្តិសរុបរបស់ពួកគេបានកើនឡើង ១២,៨% ដល់ចំណុចខ្ពស់បំផុត ១៥,១ ទ្រីលានដុល្លារ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេបំផុត (១.២៦៥ នាក់) ដែលច្រើនជាងប្រទេសចិន (៣៦៣ នាក់) ដល់ទៅជាងបីដង។
​ជារួម របាយការណ៍នេះបង្ហាញថា ទោះបីជាវិស័យអចលនទ្រព្យនៅហុងកុងមានភាពរអាក់រអួល ប៉ុន្តែទីក្រុងនេះនៅតែរក្សាបាននូវជំហរហិរញ្ញវត្ថុដ៏រឹងមាំ ខណៈដែលនិន្នាការសកលកំពុងងាកទៅរកការបង្កើតទ្រព្យសម្បត្តិពីវិស័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។

ប្រែសម្រួល៖ គីរី

Most Popular

To Top