ព័ត៌មានអន្តរជាតិ

តម្លៃប្រេងកើនឡើង ខណៈការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ជាប់គាំង

សិង្ហបុរី៖ តម្លៃប្រេង​ បានងើបឡើងវិញជាង ១% នៅថ្ងៃចន្ទ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសំណើកិច្ចព្រមព្រៀងសន្តិភាពពីប្រទេសអ៊ីរ៉ង់ ដើម្បីដោះស្រាយជម្លោះ និងបើកច្រកសមុទ្រហ័រមូស ឡើងវិញ ដែលធ្វើឱ្យភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ានៅតែបន្តកើនឡើង។

តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ១,៣២ ដុល្លារ ឬ ១,២៧% ដល់ ១០៥,៦៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកស្ថិតនៅកម្រិត ៩៣,១១ ដុល្លារក្នុងមួយបារ៉ែល ពោលគឺកើនឡើង ៧០ សេន ឬ ០,៧៦%។

កាលពីសប្តាហ៍មុន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ប្រទេសអ៊ីរ៉ង់​ បានប្រកាសពីសំណើស្ដីពីសន្តិភាពមួយ ដោយបញ្ជាក់ថា សំណើនោះត្រូវបានបញ្ជូនទៅកាន់ភាគីអាមេរិកតាមរយៈអ្នកសម្របសម្រួលមកពីប្រទេសកាតា។

លោក ត្រាំ បានថ្លែងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា លោកបានបដិសេធផែនការនេះ ប៉ុន្តែបានប្រាប់សារព័ត៌មាន Axios នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យថា លោករំពឹងថា​ អ្នកចរចារបស់សហរដ្ឋអាមេរិកនឹងបន្តការចរចាបន្ថែមទៀតនៅសប្តាហ៍នេះ។

អ្នកវិភាគ ANZ បានឧ្យដឹងថា​​ “ហានិភ័យភូមិសាស្ត្រនយោបាយនៅតែខ្ពស់ ខណៈដែលក្រុមហ៊ូធី និងអ៊ីរ៉ង់បានបន្តការវាយប្រហាររបស់ពួកគេទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ដែលធ្វើឱ្យលំហូរផ្គត់ផ្គង់ក្នុងតំបន់ងាយរងគ្រោះ”។

ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតរបស់ប្រទេសយេម៉ែ​នបានឧ្យដឹងនៅព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុនថា ខ្លួនបានស្ទាក់ចាប់មីស៊ីលផ្លោងពីរគ្រាប់ និងយន្តហោះគ្មានមនុស្សបើកពីរគ្រាប់ដែលបាញ់ដោយក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ឆ្ពោះទៅកាន់ព្រះរាជាណាចក្រ។

តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ០,៤%កាលពីសប្តាហ៍មុន ប៉ុន្តែតម្លៃប្រេងឆៅប្រភេទ WTI បានធ្លាក់ចុះ ៧,៩%ដោយសារតែការព្រួយបារម្ភថា សហរដ្ឋអាមេរិកអាចហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ដើម្បីបន្ធូរបន្ថយតម្លៃប្រេងខ្ពស់បំផុត ដែលអាចទប់ស្កាត់ទិន្នផលចម្រាញ់ប្រេងរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top