ព័ត៌មានអន្តរជាតិ

លោក Pete Davidson នៅតែសរសើរអតីតមិត្តស្រី Kim Kardashian ខណៈសារព័ត៌មានចុះផ្សាយកម្រងរូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរឡើងវិញ

បរទេស៖ តារាកំប្លែងអាមេរិក លោក Pete Davidson បានទម្លាយពីអារម្មណ៍ និងការនឹករលឹកចំពោះអតីតមិត្តស្រី គឺកំពូលតារាបង្ហាញម៉ូតអ្នកនាង Kim Kardashian ដោយកោតសរសើរនាងយ៉ាងខ្លាំងនៅក្នុងកិច្ចសម្ភាសន៍ថ្មីមួយ។
ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលសារព័ត៌មាន Hollywood Life បាននាំអ្នកគាំទ្ររំលឹកអនុស្សាវរីយ៍ចាស់ តាមរយៈការចេញផ្សាយកម្រងរូបភាពអនុស្សាវរីយ៍ជាច្រើនសន្លឹករបស់អតីតគូស្នេហ៍មួយគូនេះ។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Hollywood Life ថ្មីៗនេះ បានបង្ហាញនូវកម្រងរូបភាពអនុស្សាវរីយ៍ចំនួន ១៧សន្លឹក ដែលផ្តិតយកសកម្មភាពដ៏ផ្អែមល្ហែមរបស់អតីតគូស្នេហ៍ហូលីវូដដ៏មានប្រជាប្រិយភាព អ្នកនាង Kim Kardashian និងលោក Pete Davidson។ ការរៀបចំចងក្រងរូបភាពនេះឡើងវិញ ធ្វើឡើងបន្ទាប់ពីលោក Pete បានផ្តល់បទសម្ភាសន៍ជាមួយទស្សនាវដ្តី Variety កាលពីខែកញ្ញា ឆ្នាំ២០២៦ នេះ ដោយលោកនៅតែនិយាយពីអ្នកនាង Kim ក្នុងអត្ថន័យវិជ្ជមាន និងបានសរសើរអតីតមិត្តស្រីរូបនេះថាជា «មនុស្សស្រីដ៏អស្ចារ្យ (Superhuman)» ទោះបីជាពួកគេបានបែកបាក់គ្នាច្រើនឆ្នាំមកហើយក្តី។

អត្ថបទរបស់សារព័ត៌មានដដែលនេះ បានអញ្ជើញមិត្តអ្នកអានឱ្យក្រឡេកទៅមើលអតីតកាលរបស់អ្នកទាំងពីរឡើងវិញ តាមរយៈរូបថតចាប់តាំងពីការណាត់ជួបគ្នាដំបូងៗ រហូតដល់ការបង្ហាញខ្លួនជាសាធារណៈលើកម្រាលព្រំក្រហមនានា។រូបភាពលេចធ្លោនៅក្នុងអត្ថបទរួមមាន៖ទិដ្ឋភាពអ្នកទាំងពីរបណ្តើរគ្នាយ៉ាងត្រចះត្រចង់ក្នុងកម្មវិធី Met Gala ឆ្នាំ២០២២។ការបង្ហាញភាពស្និទ្ធស្នាលក្នុងកម្មវិធីជប់លៀងអ្នកសារព័ត៌មានសេតវិមាន (White House Correspondents’ Dinner)។

ដំណើរកម្សាន្តដើរទិញទំនិញកាន់ដៃគ្នានៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។និងការបង្ហាញមុខគាំទ្រគ្នាក្នុងកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារជួរមុខ ‘The Kardashians’ នៅទីក្រុង Los Angeles ជាដើម។ គួរបញ្ជាក់ផងដែរថា ចំណងស្នេហារវាងអ្នកនាង Kim Kardashian និងលោក Pete Davidson បានផ្តើមរីកដុះដាលនៅចុងឆ្នាំ២០២១ បន្ទាប់ពីអ្នកនាង Kim បានចូលរួមធ្វើជាពិធីការិនីកិត្តិយសក្នុងកម្មវិធីកំប្លែង Saturday Night Live (SNL) ដែលលោក Pete កំពុងសម្តែង។ ទោះជាយ៉ាងណាក៏ដោយ អតីតគូស្នេហ៍មួយគូនេះ បានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហារយៈពេល ៩ខែរបស់ខ្លួនដោយសន្តិវិធី កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ។

ប្រែសម្រួល៖​ គីរី

Most Popular

To Top