កីឡា

លោក លី សៀងហុង ក្លាយជាប្រធាន ខណៈលោក អ៊ុក សិទ្ធិជាតិ អនុប្រធានសហព័ន្ធកីឡា ប៊ូលីងកម្ពុជាអាណត្តិទី១

ភ្នំពេញ៖លោក លី សៀងហុង ក្លាយជាប្រធាន និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាជាអនុប្រធានសហព័ន្ធកីឡាប៊ូលីងកម្ពុជាក្រោមការបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិសហព័ន្ធអាណត្តិទី១ (២០១៩-២០២៤)ដែលប្រព្រឹត្តទៅនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា៕


សម្រាប់សមាជិកប្រតិបត្តិសហព័ន្ធអាណត្តិទី១មាន៩រូបរួមមានលោក លី សៀងហុង ជាប្រធាន និងលោក អ៊ុក សិទ្ធិជាតិ អនុប្រធាន លោកជី ថ្ម អនុប្រធាន លោក ឃុន វង្សឺនី អគ្គហេរញ្ញឹក លោក ឆាយ កៀក អគ្គលេខាធិការ លោក សុខ អាង អគ្គលេខាធិការរង លោក រ៉ាត់ ស៊ីឌីណា កញ្ញា រុន សុភាវី និងកញ្ញា ឃួន ស្រីមុំ សមាជិកសហព័ន្ធកីឡាប៊ូលីងកម្ពុជា។


លោក លី សៀងហុង បានមានប្រសាសន៍ថា ប៊ូលីងជាប្រភេទកីឡាកម្សាន្តសប្បាយដែលអ្នកលេងប្រើប្រាស់បាល់ ហៅថាប៊ូលីង (Bowling Ball) ចោលទៅដំប(Pins)ដាក់បញ្ឈរជារៀងត្រីកោណ ឬវត្ថុផ្សេងទៀតដែលកំណត់ដោយបទបញ្ហានៃការប្រកួត។ អ្នកចូលចិត្តលេងកីឡានេះទាំងអស់ បង្កើតជាអង្គការកីឡាប៊ូលីងក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាមហាជនដើម្បីអភិវឌ្ឍន៍ និងផ្សព្វផ្សាយកីឡានេះនៅកម្ពុជាឲ្យកាន់តែរីកចម្រើន និងទាក់ទាញភ្ញៀវទេសចរណ៍បរទេសមកប្រទេសកម្ពុជាឲ្យកាន់តែច្រើន។


ស្របពេលជាមួយគ្នាផងដែរ ដោយមានការលើកទឹកចិត្ត និងសហការណ៍ពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ថាបនិកទាំង៩រូបបានមូលមតិគ្នាយល់ព្រមបង្កើតសហព័ន្ធកីឡាប៊ូលីងកម្ពុជាឡើង។លោកក៏បានសហការណ៍ជាមួយមន្ត្រីបច្ចេកទេសសហព័ន្ធប៊ូលីងអាស៊ី ក្នុងគោលបំណងជួយប្រឹក្សាបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងជម្រុញបង្កើតសភាកីឡាប៊ូលីងនៅកម្ពុជាផងដែរ។


លោកបាននប្តថា ក្នុងកិច្ចសហប្រតិបត្តិការនេះ ក៏សំដៅដល់ត្រៀមលក្ខណៈសម្បត្តិក្នុងការរៀបចំ និងចូលរួមប្រកួតកីឡានេះទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសមហិច្ឆតានៃការចូលរួមធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងក្នុងវិស័យកីឡារបស់កម្ពុជា៕ដោយ៖លី ភីលីព

Most Popular

To Top