ភ្នំពេញ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា នៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានកីឡា ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ និងទិសដៅការងារ បន្ទាប់របស់សហព័ន្ធ ត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នប្រទេសវៀតណាម អំឡុងខែវិច្ឆិកាខាងមុខនេះ ។
លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្តបានប្រាប់ឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើង បូកសរុបការងារឆ្នាំចាស់២០២០ អ្វីដែលយើងអនុវត្តបានដូច ជាការងារក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងការប្រកួត ចំណែកទិសដៅបន្ត នោះយើងមាន៥ចំណុចបន្តទៀត គឺបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស ឲ្យគ្រប់ចំនួនការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដូច្នេះយើងត្រូវកំណត់ចំនួនគណៈកម្មការបច្ចេកទេស លើអ្នកស្ម័គ្រចិត្ត ការប្រកួតផ្សេងៗ ។
លោកបានបន្តថា បន្ទាប់មកទៀតយើងត្រៀម បញ្ជូនក្រុមកីឡាករ-កីឡាការិនីអត្តពលកម្មទៅធ្វើការហ្វឹកហាត់ នៅក្រៅប្រទេស ដើម្បីទទួលបានលទ្ធផលមេដាយ ក្នុងការប្រកួតនានា។ យើងពង្រឹងវិន័យដល់ក្រុមកីឡាករ-កីឡាការិនី នៃការរំសាយកុំឲ្យធ្លាក់កំណត់ត្រា និងត្រៀមការប្រមូលផ្តុំកីឡាករ-កីឡាការិនីជម្រើសជាតិឆ្នាំ២០២១ ៕ដោយ៖លី ភីលីព



