ភ្នំពេញ ៖ អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និង ជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការ ប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ CAMSOC លោក វ៉ាត់ ចំរើន បានទទួលការចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ-១៩ រួចរាល់ជាលើកទី២ហើយនៅថ្ងៃទី២៥កុម្ភៈនេះ ។
លោកបានបញ្ជាក់ថា សូមថ្នាក់ដឹកនាំមន្រ្តីកីឡា និងកីឡាករជម្រើសជាតិ ត្រៀមចូលរួមចាក់វ៉ាក់សាំង តាមការណែនាំខាងក្រោម ៖ ១- វេលាម៉ោង ៣ រសៀលថ្ងៃទី ២៥ នេះ សូមអញ្ជើញគ្រូបង្វឹក ឬ អគ្គលេខាធិការតំណាង ប្រភេទកីឡានីមួយៗ មកលេខាធិការដ្ឋាន CAMSOC យកទម្រង់បែបបទបំពេញទុកឲ្យហើយ មុនទៅមន្ទីរពេទ្យព្រះកេតុមាលា ។
២- កម្មវិធីត្រូវចាក់មាន៣ថ្ងៃគត់គឺ ថ្ងៃទី២ មីនា ចំនួនប្រមាណ ៤០០នាក់ ថ្ងៃទី៣ មីនា ប្រមាណ៤០០នាក់ និងថ្ងៃទី៤ មីនា ១៥១នាក់ គ្រប់ចំនួន ១០៥១នាក់ ដោយចាប់ពីម៉ោង៧ព្រឹក ត្រូវទៅដល់មន្ទីរពេទ្យ ។
៣ក្រុមត្រូវចាក់តាមថ្ងៃនីមួយៗ ផ្តល់ជូនបញ្ជីឈ្មោះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ។ សូមអញ្ជើញទៅពេទ្យ តាមមធ្យោបាយផ្ទាល់ខ្លួន ។
លោកក៏បានអំពាវនាវឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីកីឡា នៃក្រុមជម្រើសជាតិកម្ពុជា ដែលមានជាង១០០០នាក់ ដែលគ្រោងនឹងរៀបចំឲ្យ ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យព្រះកេតុមាលា (មន្ទីរពេទ្យ១៧៩) វេលាម៉ោង៨ព្រឹកនោះ សូមចូលរួមការចាក់ឲ្យបានគ្រប់ៗគ្នា ដោយការស្ម័គ្រចិត្ត ដើម្បីផ្តល់ជំនឿចិត្ត និងភាពកក់ក្តៅក្នុងចិត្តសាស្រ្តកីឡា ត្រៀមទៅហ្វឹកហាត់ក្រៅប្រទេស និងប្រកួតកីឡាអន្តរជាតិនានា ក្នុងឆ្នាំ២០២១ ជាពិសេសគឺការចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ក៏ដូចជាហ្វឹកហាត់ក្នុងប្រទេស និងក្រៅប្រទេស ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ។
លោកអគ្គលេខាធិការលើកឡើងថា «ការចាក់លើកទី២ និងជាលើកចុងក្រោយ បានបញ្ចប់ដោយភាពកក់ក្តៅ និងមានអារម្មរណ៍កាន់តែល្អ ។ ប៉ុន្តែតាមការណែនាំបន្ថែម គឺតមជាតិស្រវឹងដដែល ហាមមិនឲ្យទឹកប៉ះមុខម្ជុល១២ម៉ោង ពិសេស២៨ថ្ងៃ ក្រោយត្រូវពិនិត្យមើលថា អង្គទីក័រវ៉ាក់សាំង បានដុះគ្រប់គ្រាន់ពិតប្រាកដ ឬអត់? យ៉ាងណាក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង នៅតែឲ្យអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដដែលនៅគ្រប់ពេលវេលា ។ សូមឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹកទាំងអស់កុំមានការព្រួយបារម្ភ។ សូមអរគុណ សន្តិភាព និងយុទ្ធនាការចាក់វ៉ាក់សាំង» ។
ជាមួយគ្នានោះ ក្នុងនាម អគ្គលេខាគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២និងអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានបង្ហាញនូវក្តីត្រេកអរជាខ្លាំង និងថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោនាយករដ្ឋមន្ដ្រីហ៊ុន សែន ដែលបានយកចិត្តទុកដាក់ និងចាត់បញ្ចូល នៃក្រុមជម្រើសជាតិកម្ពុជា ឲ្យស្ថិតនៅក្នុងក្រុមមនុស្សអត្ថិភាព ៕