កីឡា

ការប្រកួតប្រដាល់គុនខ្មែរ ជើងឯកអាស៊ីអាគ្នេយ៍ ត្រូវផ្អាកជាផ្លូវការដោយសារស្ថានភាព មេរោគCOVID-19មិនទាន់ធូរស្បើយ 

ភ្នំពេញ៖លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលិខិតផ្លូវការមួយជូនឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរមិនអនុញ្ញាតឲ្យសហព័ន្ធប្រដាល់ គុនខ្មែររៀបចំប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯក អាស៊ីអាគ្នេយ៍ នាខែតុលា ឆ្នាំ២០២១ ដោយសារស្ថានភាពមេរោគCOVID-19នៅមិនទាន់ធូរស្បើយ។

សម្រាប់លិខិតផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងបានបញ្ជាក់ថាដោយយោងលើស្ថានភាពមិនទាន់ធូរស្បើយនៃការរីករាលដាលមេរោគCOVID-19 ដូច្នេះក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចជាគោលការណ៍ឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរផ្អាកការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ដែលគ្រោងនឹងរៀបចំប្រកួត នៅថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។

លោតែម ម៉ឺន មានប្រសាសន៍ថា ការសម្រេចផ្អាកនេះនៅមិនទាន់ដឹងច្បាស់អំពីការបរិច្ឆេទថ្មីនៅពេលណាឬក៏អាចពន្យារពេលដល់ឆ្នាំ២០២២ ក៏យ៉ាងណាឡើយ។ សហព័ន្ធបានជូនដំណឹងដល់បណ្តាប្រទេសទាំងអស់ក្នុងអាស៊ានអំពីការប្រកួតនេះរួចរាល់ហើយតែពេលនេះត្រូវពន្យារ ។ ការប្រកួតនេះធ្វើឡើងដើម្បីបង្កើនគុណផលរបស់កីឡាករប្រដាល់គុនខ្មែរកម្ពុជាឲ្យកាន់តែមានសក្តានុពលត្រៀមឆ្ពោះទៅប្រកួតប្រជែងមេដាយនៃការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នាចុងខែមេសា-ខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម និង SEA GAMES 202៣ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោកប្រធានបន្តថា សហព័ន្ធមិនទាន់បានទទួលពត៌មានលម្អិតពីការចូលរួមរបស់ប្រទេសក្នុងតំបន់ក៏ពិតមែនតែផែនការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានត្រៀមរៀបចំវិញ្ញាសា ក្នុងការប្រកួតជើងឯកកម្រិតអាស៊ាននេះមានចំនួន១០ប្រភេទទម្ងន់ ដូចជាប្រភេទទម្ងន់ ៤៥គីឡូក្រាម, ៤៨, ៥១, ៥៤, ៥៧, ៦០, ៦៣.៥, ៦៧, ៧១ និងទម្ងន់ ៨១គីឡូក្រាម៕ដោយ៖លី ភីលីព


Most Popular

To Top