កីឡា

ការរាប់ថយក្រោយ ៥០០ថ្ងៃ សម្រាប់ការប្រកួតកីឡា SEA GAMES នៅកម្ពុជា នឹងចាប់ផ្ដើមថ្ងៃទី២០ ខែធ្នូ ២០២១

ភ្នំពេញ ៖ កម្ពុជា នឹងចាប់ផ្ដើមរាប់ថយក្រោយ ចំនួន៥០០ថ្ងៃ “Countdown” សម្រាប់ការមកដល់ នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣នឹងចាប់ផ្ដើមថ្ងៃទី២០ ខែធ្នូ ២០២១ ខាងមុខនេះហើយ ។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំ ប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃអង្គារ៍ទី២៦ ខែតុលា ឆ្នាំ២០២១ ដោយផ្តោតលើរបៀបវារៈសំខាន់ៗ មួយចំនួន ។ ក្នុងនោះក៏មានកម្មវិធី សម្រាប់សម្ភោធពហុកីឡដ្ឋានជាតិ មរតកតេជោ និងកម្មវិធីរាប់ថយក្រោយ ចំនួន៥០០ថ្ងៃ សម្រាប់ការប្រកួតកីឡា SEA GAMES ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានថ្លែងក្រោយបញ្ចប់កិច្ចប្រជុំនេះ ថា កិច្ចប្រជុំប្រចាំសប្តាហ៍ នេះផ្តោតសំខាន់ លើការពង្រឹង ការងារ តាមដាន និង វាយតម្លៃ ក្រោមការដឹកនាំអង្គប្រជុំ ពីលោកបណ្ឌិត ថោង ខុន ដើម្បីត្រួតពិនិត្យ គ្រប់លក្ខណៈសម្បត្តិ ឲ្យបានគ្រប់ជ្រុង ជ្រោយ នៃដំណើរឆ្ពោះទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

ថ្ងៃនេះលោកបណ្ឌិត ថោង ខុន បានអនុញ្ញាតឲ្យគណៈកម្មការជំនាញ ដែលត្រៀមទទួលការ ផ្ទេទង់ស៊ីហ្គេម លើកទី៣១ ពីម្ចាស់ផ្ទះ វៀតណាម នាខែឧសភា ឆ្នាំ២០២២ ខាងមុខ បង្ហាញវឌ្ឍនភាពលម្អិត ដើម្បីត្រៀមទទួលទង់ និងសម្តែងទស្សនីយភាពសិល្បៈស្វាគមន៍ភ្ញៀវឆ្ពោះមកការប្រកួតកីឡា SEA GAMES នៅកម្ពុជា។

លោក វ៉ាត់ ចំរើន បន្ថែមទៀតថា ម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES វៀតណាម បានកំណត់យក៤០ ប្រភេទកីឡា ដែលជាង ៥០០វិញ្ញាសា ខណៈកម្ពុជាកំពុងត្រៀមបញ្ជូន អត្តពលិក របស់ខ្លួនពីចន្លោះ៣២ទៅ៣៣ ប្រភេទកីឡា ហើយក្នុងនោះប្រភេទកីឡា របស់កម្ពុជាភាកច្រើន គឺមានសក្តានុពលខ្ពស់ៗ ដែលអាចឈាន ដល់កម្រិតមេដាយ ផងដែរ ។ ដូច្នេះហើយលោកបណ្ឌិតបានជំរុញ ឲ្យសហព័ន្ធកីឡាជាតិ ទាំងអស់ត្រូវពង្រឹង គុណភាពបច្ចេកទេសឲ្យបានល្អប្រសើរ ពីព្រោះការប្រកួតកីឡា SEA GAMES លើកទី៣១នេះ គឺជាហ្គេមយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការកំណត់ វាស់ស្ទង់ កែលម្អ ដើម្បីឆ្ពោះទៅស្វែងរកភាពជោគជ័យ នាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

ឯកឧត្តមអគ្គលេខាធិការ ក៏បានជម្រាបជូនពីការត្រៀមខ្លួន របស់សហព័ន្ធកីឡាជាតិនានា ត្រៀមចូលរួមប្រកួតប្រជែងមេដាយក្នុង ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្រោយពីម្ចាស់ផ្ទះមួយនេះបានប្រកាសពីជំហរច្បាស់លាស់ និងបញ្ជាក់ការរៀបចំ និងកំណត់ យកក្នុងខែឧសភា ឆ្នាំ២០២២ ឡើងវិញ ពីព្រោះកន្លងទៅនោះ ម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES បានពន្យាពេល ពីឆ្នាំ២០២១ ដោយសារវិបត្តិជំងឺកូវីដ-១៩។ ដូច្នេះហើយ នៅថ្ងៃនេះ យើងបានបញ្ជាក់បន្ថែម ពីភាពច្បាស់លាស់នេះ ជូនដល់សហព័ន្ធកីឡាជាតិកម្ពុជានានា ក្នុងការត្រៀម ចូលរួមប្រកួត ការប្រកួតកីឡា SEA GAMES លើកទី៣១ ជាថ្មី ៕

Most Popular

To Top