ភ្នំពេញ៖ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការរៀបចំព្រឹត្តិការណ៍បានប្រកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពី ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦ នៅអង្គរវត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅតំបន់អង្គរ ខេត្តសៀមរាបនៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងក្រុមហ៊ុនឯកជនជាដៃគូ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦ នៅអង្គរវត្តប្រព្រឹត្តឡើងដើម្បីបំផុសគំនិតឲ្យប្រជាជននៅខេត្តសៀមរាបរស់នៅតាមបរិបទមេរោគ COVID-19 គឺត្រូវចេះអនាម័យខ្លួន និងពាក់ម៉ាស់គ្រប់ពេលវេលា ព្រមទាំងគ្រប់ទីកន្លែងក្នុងខេត្តតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ធ្លាប់មានអ្នកចូករួមជាង១០.០០០នាក់ដែលមានអ្នករត់មកពីទ្វីបទាំងព្រឹត្តិការណ៍ធ្លាប់មានអ្នកចូករួមជាង១០.០០០នាក់ដែលមានអ្នករត់មកពីទ្វីបទាំង៥លើពិភពលោកនោះ។
លោកបានបន្តថា កន្លងមកគណៈកម្មការរៀបចំព្រឹត្តិការណ៍ធ្លាប់ប្រកាសកំណត់យកចំនួន ២,៥០០នាក់ប៉ុណ្ណោះ ប៉ុន្តែពេលនេះយើងមិនកំណត់អ្នកចូលរួមឡើយ ។ រៀបចំធ្វើតេស្តមុននឹងចូលទីលានរត់ប្រណាំងរក្សាគម្លាត១,៥០ម៉ែត្រពីគ្នាដោយតម្រៀបជាជួរវែងតែរត់តាមក្រុមចម្ងាយផ្លូវដែលបានកំណត់ ដូច្នេះអ្នកចូលរួមរត់ប្រណាំង ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសរស់នៅកម្ពុជា ព្រមទំាងបរទេសក្រៅប្រទេសក៏អាចចូលរួមបានដែរ។
មុនចេញដំណើរត្រូវពាក់ម៉ាស់រហូតដល់រយៈចម្ងាយ២០០ម៉ែត្រទើបអនុញ្ញាតឲ្យដោះម៉ាស់ចេញ ហើយការថែទាំសុខភាពនិងប្រព័ន្ធរក្សាសុវត្ថិភាពត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និងតឹងរ៉ឹងជាទីបំផុត។ គណៈកម្មការសម្រេចផ្ដល់អាទិភាពដល់កីឡាករ-កីឡាការិនីដែលបានចុះឈ្មោះរត់ប្រណាំងកាលពីឆ្នាំកន្លងទៅ។
លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅក្រុមហ៊ុនឯកជនមានប្រសាសន៍ថា ដោយក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរជូនក្រុមគ្រួសារកម្ពុជា យើងមានមោទនភាពជាខ្លាំងដែលបានធ្វើជាម្ចាស់ឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅតំបន់អង្គរនេះ ហើយយើងមានសេចក្តីសោមនស្សរីករាយក្នុងការបន្តការគាំទ្រព្រឹត្តិការណ៍នេះតាំងពីឆ្នាំ ២០១៤ មក ហើយកា្លយជាផ្នែកមួយក្នុងការជួយឱ្យអតិថិជន បុគ្គលិក និងសហគមន៍របស់យើងមានសុខភាពល្អ ភាពសកម្ម និងជីវិតដ៏ប្រសើរមួយ។
លោកបន្តថា ឆ្នាំនេះ យើងមិនត្រឹមតែមានទំនួលខុសត្រូវខ្ពស់លើសុខសុវត្ថិភាពរបស់អ្នកចូលរួមដោយធ្វើយ៉ាងណាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលប៉ុណ្ណោះទេ ហើយថែមទាំងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបើកប្រទេស និងសេដ្ឋកិច្ចសារជាថ្មីឡើងវិញ ដោយធ្វើការសហការយ៉ាងជិតស្និទជាមួយនឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ៕
ដោយ៖លី ភីលីព