កីឡា

ក្រុមយុវជនអធិរាជជ្រោយពិសី និងក្រុមយុវជន ឃុំអរិយក្សត្រ ឡើងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ មិត្តភាពយុវជនស្រុកល្វាឯម ២០២២

ស្រុកល្វាឯម៖ កាលរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ក្រុមបាល់ទាត់យុវជនអធិរាជជ្រោយពិសី និងក្រុមបាល់ទាត់យុវជន ឃុំអរិយក្សត្រដណ្តើមបានកៅអីវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពយុវជនស្រុកល្វាឯម ២០២២ដោយការប្រកួតប្រព្រឹត្តិទៅនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំងក្នុងស្រុកល្វាឯម។


សម្រាប់ការប្រកួតរវាងក្រុមបាល់ទាត់ យុវជន អធិរាជជ្រោយពិសី និងក្រុមបាល់ទាត់យុវជនឃុំសារិកាកែវបានការស្វាត់ស្វែងខ្លាំងនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំងក្នុងស្រុកល្វាឯម ដោយក្នុងតង់ទី១ក្រុមទំាង២ធ្វើការសម្រុកដាក់គ្នាទៅវិញទៅមក ប៉ុន្តែគ្មានឳកាសបំប៉ោងសំណាញ់ទីក្រុមណាមួយឡើយ។ ការប្រកួតបន្តអូសបន្ថាយរហូតដល់ចប់ការ៩០នាទី ទើបគណៈកម្មការសម្រេចដោយការប៉េណាល់ទីកាត់សេចក្តីបានឈ្នះលើក្រុមបាល់ទាត់យុវជនឃុំសារិកាកែវក្នុងលទ្ធផល ៤ទល់នឹង២។ ចំណែកក្រុមបាល់ទាត់ ឃុំអរិយក្សត្រ យកឈ្នះក្រុមបាល់ទាត់ យុវជន ឃុំកោះរះ ដោយទាត់បាល់ ១១ម៉ែត្រ ក្នុងលទ្ធផល ៤ទល់នឹង ១៕


ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពយុវជនស្រុកល្វាឯម ២០២២មានក្រុមចូលរួមចំនួន ១៧ ក្រុមបែងចែកចេញជា៤ពូល ចំណែកពូល “A” មាន៥ក្រុម ហើយ៣ពូលមាន៤ក្រុម ហើយការប្រកួតប្រព្រឹត្តិនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង។ ចំពោះក្រុមទំាង១៧មកពីឃុំទំាង១៥មកនៅស្រុកល្វាឯមរួមមានក្រុមបាល់ទាត់ យុវជនអធិរាជជ្រោយពិសី ក្រុមបាល់ទាត់យុជនឃុំព្រែករៃ ក្រុមបាល់ទាត់ យុវជនឃុំថ្មគរ ក្រុមបាល់ទាត់ យុវជនវត្តពោធិ៍មាស ក្រុមបាល់ទាត់ យុវជនឃុំអរិយក្សត្រ ក្រុមបាល់ទាត់ យុវជនវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ក្រុមបាល់ទាត់ យុវជនវិទ្យាល័យ ហ៊ុន សែន ល្វាសរ និងក្រុមបាល់ទាត់ យុវជនឃុំសារិកាកែវ។


រីឯក្រុមបាល់ទាត់យុវជនវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្រុមបាល់ទាត់យុវជនល្ខោនខោលវត្តស្វាយអណ្តែត ក្រុមបាល់ទាត់ យុវជនឃុំបឹងគ្រំ ក្រុមបាល់ទាត់ យុវជនឃុំព្រែករៃ ក្រុមបាល់ទាត់ យុវជនឃុំព្រែកឬស្សី ក្រុមបាល់ទាត់ យុវជនក្មេងវត្តល្វាសរ ក្រុមបាល់ទាត់យុវជនឃុំកោះកែវ ក្រុមបាល់ទាត់យុវជនឃុំសំបួរ និងក្រុមបាល់ទាត់យុវជនឃុំកោះរះ៕

ដោយ៖លី ភីលីព

Most Popular

To Top