កីឡា

ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់កុមារ និង យុវជន AIA – ISF Youth League លើកទី៥ ប្រចាំឆ្នាំ២០២២ នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League លើកទី ៥ ដែលបានប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២២ ខែឧសភា ក្នុងខេត្តកំពង់ស្ពឺ ដោយការប្រកួត តាមរយៈកិច្ចសហការជាមួយនឹងក្រុមហ៊ុន AIA Cambodia អង្គការ ផ្កាយសមុទ្រកម្ពុជា (ISF) បានរួមគ្នារៀបចំការប្រកួត បាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ប្រចាំឆ្នាំ២០២២ ចំនួន៥លើកនៅក្នុងខេត្តបួនផ្សេងគ្នា ។

ការប្រកួតកីឡាបាល់ទាត់ ធ្វើឡើង ក្នុងគោលបំណងបង្កើន លទ្ធភាពចូលរួម របស់កីឡាករ-កីឡាការនី អង្គការក្រៅរដ្ឋាភិបាល នៅកម្ពុជាមួយនេះ មានក្តីរីករាយ ក្រៃលែង ក្នុងការពង្រីកវិសាលភាព នៃកម្មវិធីបាល់ទាត់របស់ខ្លួនទៅកាន់ ខេត្តក្រុងនានាដូចជា ក្រុងកំពត ក្រុងសៀមរាប និងខេត្តកំពង់ស្ពឺ ជាដើម ។ ព្រឹត្តិ ការណ៍ប្រកួតបាល់ទាត់កុមារ និង យុវជន AIA – ISF Youth League នៅខេត្តកំពង់ស្ពឺនឹងប្រព្រឹត្តទៅ រយៈពេល៩សប្តាហ៍ជាប់ៗគ្នា មានកីឡាករ-កីឡាការនីចំនួន ៣៦០នាក់ បែងចែកទៅតាមប្រភេទ អាយុចំនួន ៤ផ្សេងៗគ្នាដូចជា ក្រុមកុមារាកុមារី អាយុក្រោម១០ឆ្នាំ អាយុ ក្រោម១៤ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ ។ ក្រុមឈ្នះក្នុងការប្រកួត នៅតាមខេត្តទាំងអស់ នឹងត្រូវមកចូលរួម ប្រកួតប្រជែងយកពានរង្វាន់ នៅវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា នៅរាជធានីភ្នំពេញ ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និង យុវជន AIA – ISF Youth League គឺជាព្រឹត្តិការណ៍ប្រកួតបាល់ ទាត់ថ្នាក់មូលដ្ឋានធំជាងគេបង្អស់មួយ នៅក្នុងប្រទេសកម្ពុជា ។ តាមរយៈភាព ជាដៃគូ ជាមួយសាលារៀន និងអង្គការក្រៅរដ្ឋាភិបាលនានា នៅទូទាំងប្រទេស ព្រឹតិ្តការណ៍ប្រកួតបាល់ទាត់នេះ បានផ្តល់ ឱកាសប្រកួតប្រជែងកីឡា ទៅដល់កុមារ និងយុវជនកម្ពុជាជាច្រើនដែលជួបប្រទះ នូវភាពក្រីក្រ និងការ រើសអើងយេនឌ័រ ។
អង្គការផ្កាយសមុទ្រកម្ពុជាប្តេជ្ញាចិត្តជួយកសាង អនាគតមួយល្អប្រសើរក្នុងជីវិតកុមារ និងយុវជនក្រីក្រ នៅកម្ពុជា ដោយផ្តល់ការអប់រំ សេវាថែទាំសុខភាព និងការលេងកីឡាដល់ពួកគេ ។ ស្របគ្នានេះដែរ ក្រុមហ៊ុន AIA Cambodia ក៏កំពុងតែធ្វើការយ៉ាង សស្រាក់សស្រាំ ដើម្បីជួយលើកកម្ពស់ ការរស់នៅមាន សុខភាពល្អ និងជីវិតកាន់តែប្រសើរ ដោយជម្រុញឲ្យកុមារ និងយុវជនមានទម្លាប់ល្អសម្រាប់សុខភាព ផងដែរ ។

កីឡាករ-កីឡាការនី ដែលចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ប្រកួតកន្លងទៅ បានកត់សម្គាល់ឃើញនូវភាព ល្អប្រសើរចំពោះរាងកាយ និងសុខភាពរបស់ខ្លួន ។ កីឡាការនីឈ្មោះ លក្ខណា មកពីក្រុងកំពត បានឲ្យដឹងថា៖ “បាល់ទាត់បានជួយឲ្យខ្ញុំស្គាល់ពីភាព ខ្លាំងរបស់ខ្លួនឯង ។ ហើយវាក៏ជួយឲ្យខ្ញុំមាន ភាពស្វាហាប់ និងរឹងមាំជាងមុន និងកសាងទំនុកចិត្ត ការស្រលាញ់ខ្លួនឯង និងកាត់បន្ថយភាពតប់ ប្រមល់ទៀតផង ។” អង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia មានមោទនភាព ក្រៃលែងក្នុងការបន្តនាំយកសារៈសំខាន់ នៃការលេងកីឡាទៅដល់កីឡាករ កីឡាការនីនៅទូទាំង ប្រទេស ។

អ្នកស្រី ជួប វិច្ឆិកា ជាប្រធានគ្រប់គ្រងប្រចាំប្រទេស របស់អង្គការផ្កាយសមុទ្រកម្ពុជា បានមាន ប្រសាសន៍ថា៖ “តាមរយៈកិច្ចសហការជាមួយនឹងក្រុមហ៊ុន AIA Cambodia ពួកយើងពិតជាអាចនាំ យកការរៀនសូត្រ ជំនាញបំណិនជីវិតសំខាន់ៗ ដូចជាស្មារតីស្រលាញ់គាំទ្រកីឡា ការធ្វើការងារជាក្រុម និងសាមគ្គីភាពទាំងនៅក្នុង និងក្រៅទីលាន ។ អ្វីដែលកាន់តែសំខាន់ទៅទៀតនោះ ព្រឹត្តិការណ៍ប្រកួត បាល់ទាត់បែបនេះបានផ្តល់ដល់កុមារ និងយុវជនក្រីក្រទាំងនោះ នូវឱកាសលេងកំសាន្ត ក៏ដូចជាបង្កើត សហគមន៍រួមគ្នា និងកសាងមិត្តភាពដ៏យូរអង្វែងទៀតផង ។ ”

កម្មវិធីបើកការប្រកួត នៅខេត្តកំពង់ស្ពឺនៅថ្ងៃអាទិត្យខាងមុខនេះគឺជាការចាប់ផ្តើម នៃការប្រកួតលើកទីប្រាំនៃព្រឹត្តិការណ៍ ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ប្រចាំឆ្នាំ២០២២ ។ សម្រាប់ឆ្នាំទីប្រាំនៃការរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់នេះ អង្គភាពទាំងពីរ គឺពិតជាមានមោទនភាព យ៉ាងខ្លាំង ដែលបានឃើញពីការផ្លាស់ប្តូរ ជាវិជ្ជមាននៅក្នុងជីវិតកុមារ និងយុវជនជាច្រើន តាមរយៈការ ប្រកួតកីឡាប្រចាំឆ្នាំបែបនេះ ៕ដោយ៖លី ភីលីព

Most Popular

To Top