កីឡា

ម្ចាស់​មេដាយ​មាស​​ ពិភពលោក ​វ៉ូវីណាម ​​កញ្ញា ពៅ សុខា ជឿ​ថា ​ស៊ីហ្គេម​នៅ​កម្ពុជា ​​នឹង​ឈ្នះ​មេដាយ​មាស​​​

ម្ចាស់​មេដាយ​មាស​ពិភពលោក​​ វ៉ូវីណាម ឆ្នាំ​២០១៩ និង​ម្ចាស់​មេដាយ​សំរឹទ្ធ​​ស៊ីហ្គេម​២០២២ ​នៅវៀតណាម​ ​កីឡាការិនី ពៅ សុខា ​មាន​ជំនឿ​ចិត្ត​ថា​​ខ្លួន នឹង​យក​បាន​មេដាយ​​មាស ​​ជូន​​ជាតិ​សម្រាប់​​ស៊ីហ្គេម​ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​​ ។

ពៅ សុខា កាល​ឈ្នះ​មេដាយ​សំរឹទ្ធ ​​ស៊ីហ្គេម ​នៅ​វៀតណាម​ (រូប​ថត ពៅ សុខា ) ​កីឡា​​ការិនី ​ដែល​ទើប​​ឈ្នះ​មេដាយ​សំរឹទ្ធ​ នៅ​ស៊ីហ្គេម ​ប្រទេស​វៀតណាម ​កាល​ពី​​ពេល​ថ្មី​ៗ​បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិត​ជា​មាន​ការ​សោក​ស្ដាយ​សម្រាប់​ស៊ីហ្គេម​ នៅ​វៀតណាម​ ដែល​មិនអាច​យក​មេដាយ​មាស ​​ជូន​ជាតិ​​បាន ។ ​មេដាយ​សំរឹទ្ធ​ដែល​ឈ្នះ​នេះ​ មិនមែន​ជា​គោលដៅ​របស់​​ខ្លួន​ឡើយ ព្រោះ​តែ​កីឡា​ការិនី​រូប​នេះ​បាន​ត្រៀម​ខ្លួន​យ៉ាង​​ល្អ ​​។ ​តែ​យ៉ាង​ណា​រូប​គេ​នឹង​ប្រឹងប្រែង​កែប្រែ​រាល់​ចំណុច​ខ្វះខាត​ ​ដែល​មាន​នោះ​​ឲ្យ​មក​ជា​ល្អ​វិញ ដើម្បី​​ប្រជែង​យក​មេដាយ​មាស ​ឲ្យ​ខាង​តែ​​បាន ​។

​​​កីឡា​ការិនី​ខាង​លើ ​បាននិយាយ​ថា «​ខ្ញុំ​ពិត​ជា​មាន​ការ​សោក​ស្ដាយ​ណាស់​បង ដែល​ធ្វើ​មិន​សូវ​បាន​ល្អ​សម្រាប់​ស៊ីហ្គេម​នៅ​វៀតណាម​។ តែ​យ៉ាង​ណា​យើ​ង​និយាយ​អី​​ ក៏​មិន​កើត​ព្រោះ​វា​ហួស​អស់​ទៅ​ហើយ អ្វី​ដែល​យើង​ត្រូវ​​គិត​បន្ត​គឺ​ស៊ីហ្គេម ​នៅ​កម្ពុជា​ឆ្នាំក្រោយ ខ្ញុំ​សង្ឃឹម​ថា​​នៅ​កម្ពុជា​​​ អាជ្ញាកណ្ដាល​ នឹង​មាន​ភាព​​សុ​ក្រឹត​មិន​​ដូច​នៅ​វៀតណាម​ទេ។…ខ្ញុំ​បាន​តាំង​ចិត្ត​ហើយ​ថា​ស៊ីហ្គេម​នៅ​កម្ពុជា​ នឹង​យក​មាស​ឲ្យ​បាន ណា​មួយ​ប្រភេទ​​វិញ្ញាសា ​ដែល​ខ្ញុំ​ឈ្នះ​មាស​នៅ World ហ្នឹង​ក៏​មាន​ដាក់​បញ្ចូល​ដែរ​ នៅ​ប្រទេស​យើង​ហេតុ​នេះ​ហើយ ​ទើប​ខ្ញុំ​សង្ឃឹម​ច្រើន​បង​»។

ឡា​​ការិនី​ខាង​លើ​ បាន​ធ្វើ​ការ​សំណូមពរ ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា សូម​មេត្តា​បន្ត​គាំទ្រ​ ព្រោះ​ថា​​​អ្នក​គាំទ្រ​ជា​កម្លាំង​ ចិត្ត​មួយ​យ៉ាង​សំខាន់​ សម្រាប់​កីឡាករ​-​កីឡា​ការិនី​គ្រប់​រូប​ ។ ​មែន​ទែន​ទៅ​​គ្រប់​​គ្នា​មិន​ចង់​​ទទួល​បាន​លទ្ធផល​បរាជ័យ​នោះ​ឡើយ ដូច្នេះ​សូម​អ្នក​គាំទ្រ​បន្ត​​គាំទ្រ ​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ដើម្បី​ជា​កម្លាំង​ចិត្ត​សម្រាប់​កីឡាករ​គ្រប់គ្នា​ ។

ក្រុម​កីឡា​ករ-​កីឡា​ការិនី ​វ៉ូវីណាម​ កំពុង​ហ្វឹកហាត់​២​ពេល​ក្នុង​១​ថ្ងៃ​ ដោយ​ក្នុង​មួយ​ពេល​ហាត់​ រយៈ​ពេល​២,៥​ម៉ោង​ទៅ​៣​ម៉ោង ដើម្បី​ត្រៀម​​ការ​ប្រកួត​ ជើង​ឯក​អាស៊ីអាគ្នេយ៍​​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ខែ​មករា ឆ្នាំ​២០២៣​ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រជែង ​មេដាយ​ស៊ីហ្គេម​នៅ​កម្ពុជា​ផង​ដែរ​ ៕ ​​

Most Popular

To Top