ភ្នំពេញ៖ នាល្ងាចថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០២២ លោកបណ្ឌិត ជា ប៊ុនហេង ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានគ្របគ្រង់ និងរៀបចំព្រឹត្តិការណ៍កីឡា បានអញ្ជើញចូលរួម ពិធីបិទវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល និងមន្រ្តីបច្ចេកទេសកម្រិតអន្តរជាតិ នៅសាលប្រជុំ អគារមជ្ឈមណ្ឌលកីឡា ក្រសួងមហាផ្ទៃ ក្នុងពហុកីឡដ្ឋានជាតិ រៀបចំដោយសហព័ន្ធកីឡា សូហ្វតិន្នីសកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។
លោក ជា សែនវិស្សុត អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បាននិយាយថា វគ្គនេះដោយបបង្រៀន ដោយលោកគ្រូលោក CHIN KHIAM KONG ជនជាតិម៉ាឡេស៊ី និងលោក GIOVANNI MAMAWA ជនជាតិហ្វីលីពីនរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ មានសិក្ខាកាមចំនួន៣៣នាក់ មកពីសហព័ន្ធកីឡាសូហ្វតិន្នីស ចំនួន២២រូប ក្រសួងមហាផ្ទៃចំនួន ៦រូប និងអគ្គនគរបាលជាតិ ចំនួន៥រូប ក្នុងនោះស្រីមានចំនួន៦ រូប ។
លោកបានបន្តថា ឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ទទួលបាននូវការយល់ដឹង និងបន្ថែមនូវបទពិសោធ ដែលមានលទ្ធផលរួមមាននិទ្ទេសល្អ ៨០ភាគរយ និងនិទ្ទេសល្អបង្អួរ២០ភាគរយ។ក្នុងនាម សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា សូមប្តេជ្ញា និងបន្តរក្សាការខិតខំប្រឹងប្រែង លើគ្រប់ការងារទាំងអស់ រួមទាំងការបណ្តុះបណ្តាលនេះផងដែរ ។
ជាពិសេស ពង្រឹងនូវវិស័យប្រភេទកីឡាមួយនេះ ឲ្យមានការអភិវឌ្ឍទៅមុខ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងបន្តខិតខំអភិវឌ្ឍសមត្ថភាព និងពង្រឹងកីឡាករ-កីឡាការិនី ឲ្យទទួលបានគុណភាពខ្ពស់ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសត្រៀមប្រកួត កីឡាសូហ្វតិន្នីសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចុងឆ្នាំ ២០២២នេះ និងព្រឹត្តិការណ៍ការ ប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នាពេលខាងមុខនេះ ។
លោកបណ្ឌិត ជា ប៊ុនហេង បានមានប្រសាសន៍ថា សិក្ខាកាមចូលរួមសិក្សាវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងមន្រ្តីបច្ចេកទេស កម្រិតអន្តរជាតិនេះ ត្រូវយកចំណេះដឹងទទួលបាន ទៅអនុវត្តប្រកបដោយប្រសិទ្ធិភាព និងគុណភាព ដើម្បីត្រៀមលក្ខណៈចូលរួម ប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសត្រៀមប្រកួត កីឡាសូហ្វតិន្នីសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ នៅកម្ពុជាចុងឆ្នាំ ២០២២នេះ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី ៣២ ឆ្នាំ ២០២៣ នាពេលខាងមុខនេះ៕ ដោយ៖លី ភីលីព



