កីឡា

ការប្រកួតបាល់ទាត់​​ មិត្តភាពវ័យ​ចំណាស់មេគង្គ ៤ថ្ងៃនេះ គឺបានចូលរួម ផ្សព្វផ្សាយគោលដៅ ទេសចរណ៍សុវត្ថិភាព នៅកម្ពុជា

សៀមរាប៖ ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់ មិត្តភាពវ័យចំណាស់មេគង្គ (កម្ពុជា ថៃ ឡាវ និងវៀតណាម) រនៅខេត្តសៀមរាប រយៈពេល៤ថ្ងៃនេះ គឺបានចូលរួមផ្សព្វផ្សាយ «កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតង» ព្រមទាំងផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ តំបន់សៀមរាប-អង្គរ។

គួរជម្រាបថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គនេះ បានធ្វើឡើងចាប់តាំងពីថ្ងៃទី៤-៧ ខែសីហា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដែលរៀបចំឡើង ដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ និងដោយមានការចូលរួម ពីក្រុមកីឡាករទាំង៤ មានកម្ពុជា ថៃ ឡាវ និងវៀតណាមសរុបចំនួន១៥០នាក់ ត្រូវបានបញ្ជប់ប្រកបដោយភាពជោគជ័យ ក្រោមបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាល ដែលមានអ្នកចូលរួម ទស្សនាប្រមាណជាង១០០០នាក់។

លោក សុខ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រង សេវាកម្មកម្សាន្ត និងកីឡាទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្ហាញសក្តានុពល ទេសចរណ៍ខេត្តសៀមរាប-អង្គរ ក្នុងដំណាក់កាលនៃការងើបឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ស្របតាមផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ និងដើម្បីអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗ សម្បូរបែប តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ បាល់ទាត់វ័យចំណាស់ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅបណ្តាប្រទេសតាមដងទន្លេមេគង្គ។

លោកបានបន្តថា ព្រឹត្តិការណ៍នេះក៏បានចូលរួមផ្សព្វផ្សាយ សក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យកីឡាទេសចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ អ្នកស្នេហាវិស័យកីឡាជាតិនិងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយ វិស័យកីឡាទេសចរណ៍នៅកម្ពុជា ដើម្បីអបអរសាទរដំណើរឆ្ពោះទៅ ការប្រកួតកីឡា SEA GAMES – ASEAN PARA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ព្រមទាំងផ្សព្វផ្សាយ «កម្ពុជា៖ ព្រះរាជាណាចក្រកម្ពុជាអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» ជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតង និងស្របតាមយុទ្ធសាស្ត្រផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឆ្នាំ២០២៣ (Visit Cambodia Year 2023)។

លោក សុខ វណ្ណា បានបង្ហាញលទ្ធផល៖

  • ក្រុមកីឡាករបាល់ទាត់ វ័យចំណាស់កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១
  • ក្រុមកីឡាករបាល់ទាត់ វ័យចំណាស់ថៃ៣ ទទួលបានចំណាត់ថ្នាក់លេខ២
  • ក្រុមកីឡាករបាល់ទាត់ វ័យចំណាស់ឡាវ ទទួលបានចំណាត់ថ្នាក់លេខ៣
  • ក្រុមកីឡាករបាល់ទាត់ វ័យចំណាស់ថៃ១ ទទួលបានចំណាត់ថ្នាក់លេខ៤
  • ក្រុមកីឡាករបាល់ទាត់ វ័យចំណាស់ថៃ២ ទទួលបានចំណាត់ថ្នាក់លេខ៥
  • ក្រុមកីឡាករបាល់ទាត់ វ័យចំណាស់វៀតណាម ទទួលបានចំណាត់ថ្នាក់លេខ៦។

លោកប្រធាននាយកដ្ឋានគ្រប់គ្រង សេវាកម្មកម្សាន្ត និងកីឡាទេសចរណ៍ នៃក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់ វ័យចំណាស់មេគង្គ (កម្ពុជា ថៃ ឡាវ និងវៀតណាម) រយៈពេល៤ថ្ងៃនេះ ទទួលបានការអបអរសាទរ និងការគាំទ្រពីគ្រប់មជ្ឍដ្ឋាន ដែលជាមន្ត្រីរាជការ សិស្ស-និស្សិត ប្រជាពលរដ្ឋទូទៅ និងភ្ញៀវទេសចរផងដែរ។ តាមរយៈពេលព្រឹត្តិការណ៍នេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ទាំងសេដ្ឋកិច្ច សង្គម ដើម្បីស្តារការងើបឡើងវិញ នូវវិស័យទេសចរណ៍ តំបន់សៀមរាប-អង្គរ៕

Most Popular

To Top