កីឡា

វគ្គបណ្តុះបណ្តាល វគ្គមន្រ្តីបច្ចេកទេស និងមន្រ្តីរៀបចំការ​​ ប្រកួតកីឡាវាយកូនបាល់ ឆ្នាំបញ្ចប់ដោយជោគជ័យ

ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលវគ្គមន្រ្តីបច្ចេកទេស និងមន្រ្តីរៀបចំ ការប្រកួតកីឡាវាយកូនបាល់ ឆ្នាំ២០២៣ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍសមត្ថភាព ក្លាយជាមន្រ្តីបច្ចេកទេស រៀបចំការប្រកួត កម្រិតស្តង់ដាអន្តរជាតិ រៀបចំដោយសហព័ន្ធ កីឡាវាយកូនបាល់កម្ពុជា ក្រោមការឧបត្ថម្ភថវិកា ពីក្រសួងអប់រំយុវជន និងកីឡា បានបញ្ចប់ជាផ្លូវការ ហើយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។

លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាល មន្រ្តីបច្ចេកទេសរៀបចំការ ប្រកួត ដែលសហព័ន្ធរៀបចំឡើងនេះ មានគោលបំណងពង្រឹងជំនាញ ដល់មន្រ្តីបច្ចេកទេស របស់សហព័ន្ធឲ្យយល់ដឹង កាន់តែច្បាស់អំពីតួនាទីភារៈ ក្នុងនាមជាមន្រ្តីបច្ចេកទេស ដែលទទួលខុសត្រូវក្នុងការរៀបចំ ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ ពិសេស គឺឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្តង ។

អគ្គលេខាធិការរងរូបនេះ បន្ថែមទៀតថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់និងយល់ដឹង កាន់តែច្បាស់អំពីតួនាទី ជាមន្រ្តីបច្ចេកទេស រៀបចំការប្រកួត ដើម្បីឲ្យការរៀបចំ ការប្រកួតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដែលរៀបចំដោយមន្រ្តី បច្ចេកទេសកម្ពុជា មានកម្រិតស្តង់ដាអន្តរជាតិ។
វគ្គបណ្តុះបណ្តាល មន្រ្តីបច្ចេកទេស រៀបចំការប្រកួតបានដំណើរការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០២៣ ដែលមានសិក្ខាកាម ចូលរួម ចំនួន៤០រូបមកពីក្លិបកីឡា វាយកូនបាល់ ហើយវគ្គបណ្តុះបណ្តាលនេះ បង្ហាត់ដោយគ្រូឧទ្ទេស ៣រូបរួមមាន លោក Gendry Leon Rios លោក ឡុង ជុំនិត លោក លាប សុវណ្ណរី ៕

Most Popular

To Top