កីឡា

សិក្ខាកាម ទំាងអស់ ទទួលបានលទ្ធផលល្អ សម្រាប់វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមបាល់ទាត់លើតុ អន្តរជាតិត្រៀម SEA GAMES 2023

ភ្នំពេញ ៖ លោក កៅ ហ្វុង អនុប្រធាន សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា តំណាងឲ្យលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា និងអគ្គ លេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក Marton Kereszturt ជាគ្រូទ្ទេសនា ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួម វគ្គបិទបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមបាល់ទាត់លើតុ អន្តរជាតិ កម្រិតមូលដ្ឋានត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះនៅសាលប្រជុំ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោក អន ចិន្ត្រាសំរិត អគ្គលេខាធិការរងសហព័ន្ធ កីឡាបាល់ទាត់លើតុកម្ពុជា បាននិយាយថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមបាល់ទាត់លើតុ អន្តរជាតិកម្រិតមូលដ្ឋាន មានរយៈពេល៣ថ្ងៃ សិក្ខាកាមចំនួន ២៣ រូបទទួលបានលទ្ធផលល្អទំាងអស់គ្នា បន្ទាប់ពីលោកគ្រូធ្វើតេស្តិ៍ និងអនុវត្តផ្ទល់ ។ វគ្គនេះ ធ្វើឡើងដើម្បីត្រៀមខ្លួនយ៉ាងមុតម៉ាំ សម្រាប់ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ បង្រៀនដោយលោក Marton Kereszturt ជនជតិហុងហ្គារី ដែលជាគ្រូបង្វឹកផ្នែក កីឡាបាល់ទាត់លើតុតែម្តង ។

លោក កៅ ហ្វុង បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូ និង អជ្ញាកណ្តាលអន្តរជាតិ សម្រាប់គ្រូបង្វឹក អាជ្ញាកណ្ដាល និងអត្តពលិក នៃសហព័ន្ធកីឡាបាល់ទាត់លើតុ កម្ពុជាដែលជាកីឡាប្រភេទថ្មី ទើបបានដាក់បញ្ចូល ក្នុងការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើ ម្ចាស់ផ្ទះ ។ យើងត្រូវរួមគ្នា រួបរួម ខិតខំសិក្សា និងខិតខំប្រឹងប្រែង ដើម្បីលើកស្ទួយព្រឹត្តិការណ៍កីឡាបាល់ទាត់ លើតុរបស់យើង អោយកាន់តែរីក ទូរលំទូលាយឡើងដល់កម្រិតថ្មីមួយ ហើយខិតខំសម្រេចបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ ។

លោកអនុប្រធានបន្តថា ទំនួលខុសត្រូវ និងការខិតខំប្រឹងប្រែង របស់យើងពិតជាសំខាន់ ។ ខ្ញុំជឿជាក់លើរឿងនេះ ហើយមានឆន្ទៈក្នុងការខិតខំ ប្រឹងប្រែងរៀនសូត្រ និងជួយវិស័យ កីឡាបាល់ទាត់លើតុកម្ពុជា ឲ្យឈានទៅកម្រិត ថ្មីមួយ។ ក្រុមជម្រើសជាតិបាល់ទាត់លើតុ យើងនឹងអាចធ្វើបានល្អក្នុងព្រឹត្តិការណ៍ SEA GAMES ខាងមុខ ៕

Most Popular

To Top