កីឡា

សាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់រៀបចំការប្រកួត ជ្រើសរើសសិស្សឆ្នើម ប្រចាំសាលាគុន ឆ្នាំ២០២៣ អបអរសាទរ ថ្ងៃគម្រប់ខួប ១២ឆ្នាំ

ភ្នំពេញ ៖ សាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ រៀបចំការប្រកួតជ្រើសរើសសិស្សឆ្នើមប្រចាំសាលាគុនឆ្នាំ២០២៣ ដើម្បីអបអរសាទរ ថ្ងៃគម្រប់ខួប ១២ឆ្នាំ (១១ វិច្ឆិកា ២០១១ – ១១ វិច្ឆិកា ២០២៣) នៃការបង្កើតសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ ដែលប្រព្រឹត្តិទៅ នៅមជ្ឈមណ្ឌលកីឡាយុទ្ធសិល្ប៍ បុរាណកម្ពុជា-ជប៉ុន ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក ឡាច ច័ន្ទដារ៉ា នាយកសាលាគុនសុរិយា ការ៉ាតេ-ដូ បានមានប្រសាសន៍ថា ក្លិបការ៉ាតេ-ដូសុរិយា មានន័យថា “ព្រះអាទិត្យ” ដែលមានឈ្មោះល្បីល្បាញ យូរលង់ណាស់មកហើយ ជាពិសេសគ្រូការ៉ាតេ ជាច្រើននៅកម្ពុជា ភាគច្រើន គឺជាសិស្ស នៃក្លិបសុរិយា ។ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានដួលរលំទៅ ឧត្ដមការ៉ាតេចារ្យ ឡាច ច័ន្ទសុវណ្ណ បានលះបង់ និងចំណាយពេញមួយជីវិត ដើម្បីចូលរួមអភិវឌ្ឍន៍ កីឡាការ៉ាតេ-ដូ កម្ពុជា ។ លោកបានប្រមូលយុវជនក្មេងៗ មកធ្វើការហ្វឹកហាត់កីឡាការ៉ាតេ-ដូ “ស្ទីលហ្គិនស៊ីរីយូ” នៅថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ១៩៨២ នៅក្លិបក្បាលមាន់ចែ ក្រោយមកដោយមានការរារាំង រករឿងមិនឲ្យមានការប្រមូល ផ្ដុំហ្វឹកហាត់ពីសំណាក់ អាជ្ញាធរមូលដ្ឋាន ដូច្នេះក្លិបក៏មានការផ្លាស់ប្ដូរជាញឹកញ៉ាប់ នាសម័យនោះ ។ លុះមកដល់ ឆ្នាំ១៩៩០ ដោយមានការ ចុះកិច្ចព្រមព្រៀង នៅទីក្រុងប៉ារីស ដូច្នេះ ការ៉ាតេក៏ត្រូវបាន ទទួលស្គាល់ជាថ្មីឡើងវិញ ដោយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

លោកនាយកបានបន្តថា ដោយមានការរីកចម្រើនឥតឈប់ឈរ កីឡាការ៉ាតេបានធ្វើទំនើបកម្មបច្ចេកទេសដើម្បីឲ្យស្មើមុខស្មើមាត់ នឹងប្រទេសក្នុងតំបន់ លោកគ្រូ ឡាច ច័ន្ទដារ៉ា បានទទួលការណែនាំបន្តពីឧត្ដមការ៉ាតេ ចារ្យ ឡាច ច័ន្ទសុវណ្ណ ហើយបានខិតខំហ្វឹកហាត់ ប្រឹក ប្រែងជំនះគ្រប់ឧបសគ្គ ចំណាយពេល វេលាអស់ជាងសែសិបឆ្នាំ និងធនធានផ្ទាល់ខ្លួនជាច្រើន ដើម្បីអភិវឌ្ឍន៍ ក្លិបសុរិយាឲ្យបានក្លាយខ្លួន ជាសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១ មានហេដ្ឋារចនាសម្ព័ន្ធហ្វឹកហាត់ សមរម្យដល់សិស្សគុន និងមានការទទួលស្គាល់ពីសហព័ន្ធដែលមានលិខិត លេខ០០៧/២០១២ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ មានទីតាំងនៅភូមិសន្សំកុសល៥ សង្កាត់បឹង ទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នាយកសាលា គុនសុរិយា ការ៉ាតេ-ដូ បានបន្ថែមថា មកដល់បច្ចុប្បន្ន មានសិស្ស ជាច្រើន មានសក្តានុពលរហូត ដល់បានសាងស្នាដៃ ជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៣ ដែលមានកីឡាករ ជ្រុន វិរៈបុត្រ ចូលរួមប្រកួតវិញ្ញាសាប្រយុទ្ធទម្ងន់ ៦៧គក ដណ្តើមបានមេដាយមាស និងកីឡាករ ឆេង ច័ន្ទដារ៉ារតនៈ ប្រកួតវិញ្ញាសាសម្តែង បុរសជាក្រុម ដណ្តើមបាន មេដាយសំរិទ្ធ ជាប្រវត្តិសាស្ត្រក្នុងរយៈពេល ៦៤ឆ្នាំ ដែលការ៉ាតេកម្ពុជាធ្វើបាន កីឡារស់ក្នុងសន្តិភាព ។

ចំណែកថ្ងៃនេះ លោកបានរៀបចំការ ប្រកួត ជ្រើសរើសសិស្សឆ្នើម ប្រចាំសាលាគុនឆ្នាំ២០២៣ ដើម្បីលើកទឹកចិត្តដល់ សិស្សានុសិស្សទាំងអស់ ឲ្យខិតខំហ្វឹកហាត់ ហើយមានឱកាសបង្ហាញ សមត្ថភាពតាមរយៈការប្រកួតប្រជែង ជាមួយសិស្សានុសិស្សរួមសាលាគុនផងនោះ សាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់មានវិញ្ញាសាប្រកួតមានចំនួន ៤ រួមមាន កាតា៖ តៃខ្យូគូ អូយូ (Taikyoku Oyo) លំហាត់ហែកជើងត្រង់ (Full Split) លំហាត់ហែកជើងឆ្វេងទៅមុខ ស្ដាំទៅក្រោយ និងលំហាត់ហែកជើងស្ដាំទៅមុខ ឆ្វេងទៅក្រោយ ៕

Most Popular

To Top